ករណីជនជាតិចិនស្លាប់ពីរនាក់កូនស្រីធ្លាក់ពីលើអគារ ខាងអាជ្ញាធរដាក់ការសង្ស័យថាជារឿងឃាតកម្ម
ភ្នំពេញ៖ អាជ្ញាធរសមត្ថកិច្ចខណ្ឌចំការមន បានដាក់ការសង្ស័យបឋមលើករណីបុរសជនជាតិចិនម្នាក់ធ្លាក់ពីលើអគារជាន់ទី២២ ថាជាករណីឃាតកម្ម និងកំពុងបើកការស៊ើបអង្កេត ខណៈស្ត្រីជាភរិយាត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១:៣០នាទីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ស្ថិតនៅចំណុចខុនដូរ Bali No.2 ស្ថិតក្នុងផ្លូវលេខ៧៨ ក្រុមទី៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កឱ្យមានការភ្ញាក់ជាខ្លាំង ដល់សន្តិសុខយាមប្រចាំការខុនដូរ និងប្រជាពលរដ្ឋក្បែរនោះ។
យោងតាមបុរសជាអ្នកលក់កាហ្វេនៅទល់មុខកន្លែងកើតហេតុ ដោយសុំមិនបញ្ចេញអត្តសញ្ញាណ បានថ្លែងថា មុនពេលកើតហេតុរូបលោកបានឃើញបុរសជាប្ដី បីកូនស្រីលោតពីលើអគារជាន់ទី២២ ចុះមកក្រោម បណ្ដាលឱ្យធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
លោកបន្ដថា បន្ដិចក្រោយមក លោកបានឃើញមានសមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុខាងលើនេះតែម្ដង និងបាននាំខ្លួនស្ដ្រីម្នាក់ដោយមិនដឹងថា ត្រូវជាអ្វីជាមួយជនរងគ្រោះនោះទេ ឃើញមានឈាមហូរស្រោចពេញខ្លួន ត្រូវបានសមត្ថកិច្ចនាំស្ត្រីនោះចេញពីខុនដូរខាងលើ ដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបាត់ទៅ នៅសល់តែសពកូនស្រី និងឪពុកដេកស្លាប់នៅមុខខុនដូរនោះតែប៉ុណ្ណោះ។
ប្រភពពីសមត្ថកិច្ចបានបង្ហើបឱ្យដឹងថា នៅវេលាម៉ោង១១:៣០នាទី មានករណីបុរសជាឪពុក និងកូនស្រី ដែលមានអាយុប្រហែល៣ខួប បានធ្លាក់ពីលើអគារជាន់ទី២២ បន្ទប់លេខ A1 ចុះមកក្រោមស្លាប់ភ្លាមៗ។ ភ្លាមៗ..សមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ និងបានស៊ើបសួរ ទើបដឹងថា បុរសនោះធ្លាក់ពីចុះមកក្រោមជាមួយកូនស្រី ខណៈស្ត្រីជាភរិយានៅជាន់លើមានឈាមហូរស្រោចពេញខ្លួនត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យយកាល់ម៉ែត្រ។ បន្ទាប់ពីធ្វើការសាកសួរគ្រួសារសាច់ញាតិ អាជ្ញាធរដាក់ការសង្ស័យបឋមថា ជាករណីឃាតកម្ម ប្ដីចាក់សម្លាប់ប្រពន្ធហើយភ័យខ្លួន ក៏បីកូនលោតចុះពីអគារសម្លាប់ខ្លួនតែម្ដង។
សូមបញ្ជាក់ផងដែរថា ក្រោយពេលកើតហេតុឃើញមានកម្លាំងសមត្ថកិច្ចខណ្ឌចំការមន សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបច្ចេកទេសវិទ្យាសាស្ដ្រ បានចុះមកដល់កន្លែងកើតហេតុ បើកការស៊ើបអង្កេត ពិនិត្យធ្វើកោសល្យវិច័យលើសព និងរង់ចាំការសួរចម្លើយពីរងគ្រោះជាប្រពន្ធបន្ទាប់ពីនាងមានស្ថានភាពធូរស្រាលឡើងវិញ៕