សម្តេចធិបតី៖ គ្រប់សាសនាទាំងអស់សុទ្ធតែមានគោលបំណងដូចគ្នា គឺការអប់រំមនុស្សឱ្យធ្វើអំពើល្អ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាគ្រប់សាសនាទាំងអស់សុទ្ធតែមានគោលបំណងដូចគ្នា គឺការអប់រំមនុស្សឱ្យធ្វើអំពើល្អនិងអ្នកប្រតិបត្តិឱ្យមានផ្នត់គំនិត ស្មារតីសុចរិតភាព ប្រព្រឹត្តអំពើល្អនិងគោរពគ្នាទៅវិញទៅ។
សម្តេចធិបតី មានប្រសាសន៍បែបនេះក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីក្នុងពិធីស្រោ ចស្រពព្រះសុគន្ធវារី «ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈ មហានិកាយនៅព្រះរាជាណាចក្រកម្ពុជា» នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវត្តមុនីសុវណ្ណ (វត្តចំពុះក្អែក)។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា «គ្រប់សាសនាទាំងអស់ មិនថា សាសនាព្រះពុទ្ធ, សាសនាឥស្លាម, គ្រិស្តសាសនានិងសាសនាផ្សេងទៀតសុទ្ធតែមានគោលបំណងដូចគ្នាគឺការអប់រំមនុស្សនិងអ្នកប្រតិបត្តិឱ្យមានផ្នត់គំនិត ស្មារតី សុចរិតភាព ប្រព្រឹត្តអំពើល្អនិងគោរពគ្នាទៅ វិញទៅមក។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា នេះជាមូលដ្ឋានសម្រាប់ការរស់នៅប្រកបដោយសីលធម៌ គុណធម៌ និងការគោរពគ្នានិងសុខដុមររមនាការកំណត់តម្លៃនៅក្នុងខ្លួនគឺជាកិច្ចការសំខាន់ ហើយជាពិសេសនៅក្នុងសម័យទំនើប នៅក្នុងសម័យដែលយើងមានជម្រើសច្រើន ជាពិសេសសម្រាប់យុវជន-យុវនារី សម្រាប់កុមារដែលនឹងក្លាយទៅជាអនាគតរបស់ប្រទេសជាតិយើងដែលទាមទារចាំបាច់ នៅក្នុងការកំណត់នៃតម្លៃនៅក្នុងខ្លួនឱ្យបានច្បាស់លាស់»។
សម្ដេចធិបតី ក៏បានសម្តែងនូវមោទនភាពចំពោះការរីកចម្រើននៃព្រះពុទ្ធសាសនាក៏ដូចជាសាសនាផ្សេងទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រជាជនកម្ពុជាបានគោរពទៅ តាមជំនឿសាសនារៀងខ្លួនៗប្រកបដោយសុខដុមរមនា ៕

