សម្តេចធិបតី ឲ្យថ្នាក់ដឹកនាំរាជធានី-ខេត្ត យកចិត្តទុកដាក់ខ្ពស់ លើការជ្រើសរើសនាយកសាលា និងប្រធានមណ្ឌលសុខភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យថ្នាក់ដឹកនាំរាជធានី-ខេត្ត យកចិត្តទុកដាក់ខ្ពស់ ទៅលើការជ្រើសរើសនាយកសាលា និងប្រធានមណ្ឌលសុខភាព ។
ក្នុងឱកាសអញ្ជើញ ជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ នាថ្ងៃទី៥ ខែតុលា នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា នាយកសាលាសំខាន់ណាស់ នាយកសាលាគឺជាអ្នកទទួលខុសត្រូវដឹកនាំផ្ទាល់ ជាគំរូនៅក្នុងសាលាសម្រាប់គ្រូ និងសម្រាប់សិស្ស បើនាយកសាលាគាត់ល្អគាត់មានការគ្រប់គ្រង មានវិន័យសម្រាប់ខ្លួនឯង គាត់ជាគំរូ គ្រូក៏ទៅតាមនោះ ហើយគ្រូក៏ជាគំរូរបស់សិស្ស អីចឹងគំរូតាមគ្នា នាយកសាលាសំខាន់ គាត់ជាមជ្ឈមណ្ឌលនៃការសាមគ្គីផ្ទៃក្នុង នាយកសាលាដូចជាឪពុកស្ថាប័នអីចឹង ។
សម្តេចធិបតីសង្កត់ធ្ងន់ថា «ការជ្រើសរើសនាយកសាលាសំខាន់ណាស់ ឥឡូវយើងមានវិមជ្ឈការ ថ្ងៃមុនខ្ញុំឱ្យឯកឧត្តម ស សុខា ពិភាក្សាជាមួយឯកឧត្តម ហង់ជួន ណារ៉ុន រឿងវិមជ្ឈការនៃការរើសនាយក ពិតណាស់យើងចង់បញ្ជូនសិទ្ធិ នៅក្នុងការជ្រើសរើស ហើយស្រុកខ្លះ អភិបាលស្រុកជាអ្នករើសនាយកសាលា យើងមិនដកសិទ្ធិពីគាត់ទេ ប៉ុន្តែយើងត្រូវមានយន្តការណាសម្រាប់គ្រប់គ្រង ព្រោះតែនាយកសាលាមួយៗ ត្រូវអនុវត្តន៍ផែនការពីថ្នាក់ជាតិទៅ រឿងអប់រំ និងសុខាភិបាល ត្រូវមានស្តង់ដារនៃការអនុវត្តន៍ ប៉ុន្តែប្រសិនបើជាគាត់ឯករាជ្យ ស្វយ័តតែឯង គាត់ស្តាប់តាមចៅហ្វាស្រុក ដែលមិនមានជំនាញខាងអប់រំ ដូច្នេះគឺពិបាក។ ថ្ងៃនេះ អភិបាលខេត្តមកទីនេះស្រាប់ ត្រូវធ្វើម៉េចយកចិត្តទុកដាក់ ប្រធានមណ្ឌលសុខាភាព ហើយនាយកសាលា ព្រោះដំណាក់កាលអាណត្តិនេះ ជាដំណាក់កាលពង្រឹង ជាជាងពង្រីក ពង្រឹងអ្វីដែលមានស្រាប់ ជាពិសេសផ្តោតទៅលើស្ថាប័ន ហើយពង្រឹងសេវាផ្តោតទៅមូលដ្ឋាន»។
សម្តេចបន្ថែមថា សម្ដេចមានមហិច្ឆិតា ចង់ឱ្យសាលារដ្ឋទាំងអស់ មិនចាំបាច់ឱ្យមានសិស្សវេចបង្វេចពីតំបន់ផ្សេង ទៅរៀនតំបន់ផ្សេងទៀត ព្រោះតែសាលាល្អនោះទេ គឺត្រូវធ្វើឱ្យសាលារដ្ឋទាំងអស់ ចាប់ពីថ្នាក់បឋមដល់ថ្នាក់ទី១២ ក្លាយជាសាលាល្អ អាចទទួលយកបាន ៕
