រាជទាយាទជប៉ុន សរសើរចំណងមិត្តភាពវៀតណាម ក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ

ហាណូយ៖ រាជទាយាទជប៉ុន Akishino បានជួបជាមួយប្រធានាធិបតីវៀតណាម លោក Vo Van Thuong នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា មួយថ្ងៃបន្ទាប់ពីបានសរសើរអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេលប្រាំមួយថ្ងៃនៅប្រទេសនេះ។
ប្រទេសជប៉ុនគឺជាប្រភពដ៏ធំបំផុតនៃជំនួយអភិវឌ្ឍន៍ផ្លូវការដល់ប្រទេសវៀតណាម និងជាប្រភពធំបំផុតទីបីរបស់ប្រទេសអាស៊ីអាគ្នេយ៍នៃការវិនិយោគផ្ទាល់ពីបរទេសដែលមានទឹកប្រាក់សរុបចំនួន ៧០ ពាន់លានដុល្លារ។
ដំណើរទស្សនកិច្ចរបស់ Akishino ជាមួយភរិយាព្រះអង្គម្ចាស់ក្សត្រី Kiko ធ្វើឡើងស្របពេលជាមួយប្រទេសជប៉ុន និងវៀតណាមប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូត។
លោក Akishino បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងហាណូយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា “ខ្ញុំសង្ឃឹមថាដំណើរទស្សនកិច្ចនេះនឹងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវការយល់ដឹងគ្នាទៅវិញទៅមក និងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ”។
ពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ១០.៩ ភាគរយកាលពីឆ្នាំមុនដល់ ៤៧.៦ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមទិន្នន័យគយរបស់វៀតណាម។
ការនាំចេញដ៏ធំបំផុតរបស់វៀតណាមទៅកាន់ប្រទេសជប៉ុនរួមមានសម្លៀកបំពាក់ គ្រឿងសង្ហារិមឈើ និងផលិតផលក្នុងទឹក ខណៈដែលប្រទេសនេះនាំចូលគ្រឿងអេឡិចត្រូនិក គ្រឿងចក្រ និងដែកថែបជាចម្បងពីប្រទេសជប៉ុន។
លោក Akishino គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងកណ្តាលនៃទីក្រុង Danang និង Hoi An ជាកន្លែងដែលគាត់បានឲ្យដឹងថា សកម្មភាពពាណិជ្ជកម្មរបស់ជប៉ុនបានរីកចម្រើនក្នុងអំឡុងសតវត្សទី១៦ និង១៧។
នៅឆ្នាំ២០១៧ ព្រះចៅអធិរាជ Akihito បានក្លាយជាព្រះចៅអធិរាជជប៉ុនដំបូងគេដែលយាងមកប្រទេសវៀតណាម។
ប្រភព៖ CNA
ប្រែសម្រួលដោយ៖ {ឡាយ លីហួ}
https://www.channelnewsasia.com/asia/japan-vietnam-hanoi-crown-prince-visit-ties-3791311#:~:text=HANOI%3A%20Japan’s%20Crown%20Prince%20Akishino,day%20visit%20to%20the%20country.
