នាយករដ្ឋមន្ត្រី៖ ប្រទេសជាសមាជិក UN ១៨១ប្រទេស ប្រកាន់គោលនយោបាយចិនតែមួយ មិនមែនមានតែកម្ពុជាទេ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងចំណោមប្រទេសដែលជា សមាជិកអង្គការសហប្រជាជាតិ ១៩៣ប្រទេស មាន១៨១ប្រទេស ប្រកាន់ជំហរចិនតែមួយរួមទាំងអាមេរិក មិនមែនមានតែកម្ពុជាទេ ដែលប្រកាន់គោលជំហរនេះ ។
ក្នុងឱកាសសម្តេចបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី បញ្ជាក់ថា «ឃើញវិទ្យុមួយនោះគេផ្សាយថា ប្រទេសខ្លះថ្កោលទោសកម្ពុជា ថាកម្ពុជាប្រកាន់នយោបាយចិនតែមួយ គឺ អាក្រក់។ ខ្ញុំសុំប្រាប់អ៊ីចេះទៅ ស្រាវជ្រាវឡើងវិញទៅ ប្រទេសដែលជាសមាជិក អង្គការសហប្រជាជាតិមាន១៩៣ប្រទេស ក្នុងនោះ១៨១ប្រទេស គឺប្រកាន់ជំហរចិនមួយរួមទាំងអាមេរិកផងដែរ។ កម្ពុជាប្រកាន់ជំហរចិនតែមួយអត់ខុសទេ។ អាស៊ានទាំងអស់ ក៏ប្រកាន់ជំហរចិនតែមួយ»។
សម្តេចថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅចិន គឺដើម្បីបញ្ជាក់ជំហរគោលនយោបាយការទូតរបស់កម្ពុជាជាមួយចិន នៅរក្សាដដែល ព្រោះគោលនយោបាយនេះ ជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលបានអនុម័តដោយអង្គសន្និបាតវិសាមញ្ញ។ ហើយការប្រកាន់នយោបាយការបរទេសនេះ មិនមែនកម្ពុជាធ្វើតែជាមួយចិននោះទេ ជាមួយជប៉ុន កូរ៉េ ហ្វីលីពិន និងអាមេរិកអាមេរិក ក៏កម្ពុជានៅរក្សានិរន្តរភាព សង្គត់ភាព និងបន្តពង្រីកថែមទៀត។
សម្តេចគូសបញ្ជាក់ថា ការធ្វើពាណិជ្ជកម្ម ជាមួយចិន មិនមែនជារឿងអាក្រក់នោះទេ បើការធ្វើពាណិជ្ជកម្មជាមួយចិន អាក្រក់មែននោះ មិនមែនអាមេរិក អឺរ៉ុប និងប្រទេសជាសមាជិកអាស៊ាន បង្កើតទំនាក់ទំនងជាមួយចិននោះទេ៕
