បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់
ប៉ារីស៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ បារាំងបានចេញមុខទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខា រវាងសហរដ្ឋអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែល នៅតែបន្តការវាយប្រហាររបស់ខ្លួនក្នុងប្រទេសលីបង់។
លោក Jaen-Noel Barrot រដ្ឋមន្រ្តីការបរទេសបារាំងបានលើកឡើងថា កិច្ចព្រមព្រៀងអាមេរិក-អ៉ីរ៉ង់ គឺតម្រូវឱ្យបិទបញ្ចប់អរិភាពនានា ដូច្នេះរដ្ឋាភិបាលអ៉ីស្រាអែលចាំបាច់ត្រូវតែគោព ហើយសហរដ្ឋអាមេរិកជាពិសេស ត្រូវតែដាក់សម្ពាធចាំបាច់គ្រប់បែបយ៉ាងតាមអាចធ្វើបាន ទៅលើរដ្ឋាភិបាលអ៉ីស្រាអែល ដើម្បីធានាថាអ៉ីស្រាអែលនឹងគោរពតាម។
ការលើកឡើងដូចខាងលើរបស់ប្រមុខការទូតបារាំង គឺបន្ទាប់ពីការវាយប្រហារថ្មីចុងក្រោយបង្អស់របស់អ៉ីស្រាអែល នៅភាគខាងត្បូងលីបង់ កាលពីវេលាយប់កន្លងទៅនេះ ដែលបើតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយលីបង់ គឺបានផ្តាច់ជីវិតមនុស្សយ៉ាងហោច១៦នាក់ទៀត។
ក្នុងសប្តាហ៍នេះ អាមេរិកនិងអ៉ីរ៉ង់ ទីបំផុតសម្រេចបានកិច្ចព្រមព្រៀងបឋមមួយ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ដែលរាប់បញ្ចូលទាំងលីបង់ ប៉ុន្តែអ៉ីស្រាអែលបានរិះគន់ជាខ្លាំង។
ឆ្លើយតបការរិះគន់របស់អ៉ីស្រាអែលចំពោះកិច្ចព្រមព្រៀង អនុប្រធានាធិបតីអាមេរិក លោក JD Vance កាលពីថ្ងៃព្រហស្បតិ៍ បានលើកឡើងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺជាសម្ព័ន្ធមិត្តតែមួយគត់របស់អ៉ីស្រាអែល ដែលជាប្រទេសទទួលបានជំនួយយោធាពីសហរដ្ឋអាមេរិក រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
គួរបញ្ជាក់ថា ប្រទេសលីបង់ ត្រូវបានអូសឱ្យធ្លាក់ក្នុងភ្លើងសង្រ្គាមកាលពីដើមខែមីនា នៅពេលក្រុមសកម្មប្រយុទ្ធហេសបូឡា បានបើកការវាយប្រហារលើអ៉ីស្រាអែល ដើម្បីគាំទ្រដល់អ៉ីរ៉ង់ដែលបានរងការវាយប្រហាររួមគ្នាពីអាមេរិកនិងអ៉ីស្រាអែល។ គិតចាប់តាំងពីពេលនោះមក សង្រ្គាមរបស់អ៉ីស្រាអែល បានសម្លាប់មនុស្សកើនដល់ជិត៤០០០នាក់ បង្កឱ្យរបួសជិត១២០០០នាក់ ហើយជាង១លាននាក់ ត្រូវព្រាត់ប្រាសពីផ្ទះសម្បែង៕

