សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យក្រសួងផែនការ ពិនិត្យមើលគោលនយោបាយ ប្រជាសាស្ត្រឡើងវិញ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានស្នើឱ្យក្រសួងផែនការសិក្សាឡើងវិញ និងពិនិត្យមើលគោលនយោបាយទាក់ទងនឹងបញ្ហាប្រជាសាស្រ្ត ហើយតើត្រូវរៀបចំគោលនយោបាយឡើងវិញ ព្រោះយើងបានព្យាករណ៍ថាឆ្នាំ២០៥០ កម្ពុជានឹងក្លាយជាប្រទេសអភិវឌ្ឍន៍។
ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន ១៨ ១០៤នាក់ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមការព្យា ករណ៍ប្រជាសាស្រ្តរបស់ក្រសួងផែនការឆ្នាំ ២០៥០ ចំនួនមនុស្សចាស់ នៅកម្ពុជានឹងកើនឡើងខ្ពស់ ។
សម្ដេចធិបតីបញ្ជាក់ថា ប្រទេសអភិវឌ្ឍន៍ត្រូវការកម្លាំងយុវជនច្រើនជាងមនុស្សចាស់ ដូចនេះ ក្រសួងផែនការត្រូវពិនិត្យគោលនយោបាយប្រជាសាស្ត្រនេះឡើងវិញ ។ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាសល់ ២៧ឆ្នាំទៀត ដែលមិនយូរទៀតនោះទេ បញ្ហានេះទាមទារឱ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហាវិទ្យាសាស្រ្ត ព្រោះនៅពេលនោះកម្ពុជាត្រូវការកម្លាំងពលកម្មច្រើន។
ជាមួយគ្នានេះ សម្ដេចធិបតី ក៏មានបំណងចង់បង្កើនចំនួនប្រជាសាស្រ្តនៃប្រជាជនកម្ពុជានៅកម្ពុជាឱ្យឡើងបានដល់ ៣០លាននាក់ ទៅ ៤០លាននាក់ ខណៈបច្ចុប្បន្ន កម្ពុជាទើបទទួលបាន១៧លាននាក់ប៉ុណ្ណោះ ដើម្បីសមាមាត្រនឹងការងារនៅពេលអនាគត ៕
