លោកជំទាវ ឥម នីថារ៉ា និង ឯកឧត្តម ឡាវ វ៉ាន់ ដឹកនាំកិច្ចប្រជុំពិនិត្យលើបច្ចុប្បន្នភាព និងផែនការអនុវត្តបន្តរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
ភ្នំពេញ៖ លោកជំទាវ ឥម នីថារ៉ា និង ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើបច្ចុប្បន្នភាព និងផែនការអនុវត្តបន្តរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមនាយកវិទ្យាស្ថាន ថ្នាក់ដឹកនាំវិទ្យាស្ថាន និងមន្ត្រីរាជការពាក់ព័ន្ធ នៅសាលប្រជុំវិទ្យាស្ថាន។
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហោសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយ ដោយចង់ឃើញវិទ្យាស្ថាននេះ គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈឈានមុខគេ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យសាធារណការ និងដឹកជញ្ជូន ប្រកបដោយគុណភាព ការច្នៃប្រឌិត សីលធម៌វិជ្ជាជីវៈ ៕
