ប្រធានាធិបតីកូរ៉េ មានជំនឿថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជានឹងទទួលបាននូវវឌ្ឍនភាព និងវិបុលភាព កាន់តែល្អប្រសើរថែមទៀត

ភ្នំពេញ៖ ឯកឧត្តម យូន ស៊ក យ៉ល (Yoon Sok Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី កម្ពុជានឹងទទួលបាននូវវឌ្ឍនភាព និងវិបុលភាព កាន់តែល្អប្រសើរថែមទៀត នាពេលអនាគត។
ឯកឧត្តមប្រធានាធិបតី បានថ្លែងក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នាល្ងាចថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តម យូន ស៊ក យ៉ល ក៏បានថ្លែងអំណរគុណ និងបានសម្តែងនូវសេចក្តីសោមនស្ស ដែលបានជួបពិភាក្សាជាមួយ សម្តេចធិបតី ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ។
ឯកឧត្តមប្រធានាធិបតី ក៏បានឆ្លៀតយកឱកាសនេះ កោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះប្រជាជនកម្ពុជា និងជាពិសេស សម្តេចតេជោ ដែលបានព្យាយាមរក្សា និងពង្រឹងចំណងការទូតជាមួយកូរ៉េ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានាធិបតី ក៏បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ សម្តេចតេជោ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ នៅរាជធានីភ្នំពេញ ហើយរដ្ឋាភិបាលកូរ៉េ ក៏សូមអរគុណចំពោះកម្ពុជាដែលបានគាំទ្របេក្ខភាពកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០៣០ នៅទីក្រុងប៊ូសានផងដែរ ៕
