ប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាលមានអាយុកាលប្រមាណ២០ថ្ងៃ ស្ថិតនៅចំណុចកន្ទុយកោះជ្រឹមក្នុងខេត្តស្ទឹងត្រែង

ភ្នំពេញ៖ មន្រ្ដីជំនាញប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាលស្ថិតនៅចំណុចកន្ទុយកោះជ្រឹមក្នុង ខេត្តស្ទឹងត្រែងដែលមានអាយុកាលប្រមាណ២០ថ្ងៃ។
យោងតាមក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានឱ្យដឹងថា កូនផ្សោតកើតថ្មីនេះ ត្រូវបានប្រទះ ឃើញនៅវេលាម៉ោង ១២:២០នាទីថ្ងៃត្រង់កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងក្រុមហ្វូងសត្វផ្សោតធំ ដែលមានចំនួនប្រមាណប្រាំបីក្បាល ស្ថិតនៅចំណុចកន្ទុយកោះជ្រឹម ក្នុងអន្លង់ត្បូងខ្លា ភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានចំណុចនិយាមការ ៤៨P: ០៦០៤៨៥៩ និង UTM: ១៤៦៣១២៦។
ប្រភពបន្ដថា កូនផ្សោតនេះត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ និងអភិរក្សជលផលនៃរដ្ឋបាលជលផល និងអង្គការ WWF ដែលកំពុងបំពេញការងារចុះអង្កេតស្ថានភាពសត្វផ្សោតទន្លេ មេគង្គ។ តាមការអង្កេតជាក់ស្តែងពីក្រុមការងារអស់រយៈពេលប្រមាណជា២ម៉ោង ឃើញថាពុំមានចរិកបំពានណាមួយកើតឡើងពីសំណាក់សត្វផ្សោតធំមកលើកូនផ្សោតថ្មីនោះឡើយ។
សូមបញ្ជាក់ថា កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតទី៧ហើយ ដែលត្រូវបានកត់ត្រាក្នុងឆ្នាំ២០២៣ ចាប់ពីខែមករារហូតមកទល់ពេលនេះ៕
