សម្ដេចតេជោ ហ៊ុន សែន៖ ហាក់ដូចជាគាប់ជួន ឬទេវតារៀបចំ?

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថា កាលសម្ដេចចូលរួមប្រជុំអាស៊ានលើកទី៣ នៅហ្វីលីពីន ឆ្នាំ១៩៩៩ សម្ដេចជានាយករដ្ឋមន្ត្រី ដែលមានវ័យក្មេងជាងគេ ហើយពេលនេះប្រជុំកំពូល លើកទី៤៣ នៅឥណ្ឌូណេស៊ី សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេ ក្នុងចំណោមប្រទេសអាស៊ាន ។
ជាមួយនឹងការលើកឡើងនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានលើកជាសំណួរថា« ហាក់ដូចជាគាប់ជួន ឬទេវតារៀបចំ?» ។
តាមរយៈបណ្ដាញសង្គមតេឡេក្រាម នាថ្ងៃទី៥ កញ្ញានេះ សម្ដេចតេជោ បានសរសេរថា «កាលខ្ញុំចូលរួមប្រជុំអាស៊ានលើកដំបូងដែលជាការប្រជុំកំពូលអាស៊ានលើកទី៣ នៅហ្វីលីពីនឆ្នាំ១៩៩៩ ខ្ញុំជានាយករដ្ឋមន្ត្រី ដែលមានវ័យក្មេងជាងគេ ក្នុងចំណោមប្រទេសអាស៊ាន១០ គឺមានអាយុ៤៧ឆ្នាំ។ ពេលនេះការប្រជុំកំពូលលើកទី៤៣ ដែលឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះ ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេក្នុងចំណោមប្រទេសអាស៊ាន១១ រាប់ទាំងទីម័រខាងកើត។ ពេលនេះ ហ៊ុន ម៉ាណែត អាយុ៤៥ឆ្នាំ។ ជូនពរថ្នាក់ដឹកនាំអាស៊ាន ដែលជាមិត្តចាស់យូរឆ្នាំនិងសូមគោរពលាពីចម្ងាយ» ៕

