សម្តេចតេជោ៖ រាជរដ្ឋាភិបាលថ្មី នឹងបន្តប្រកាន់យកអភិក្រមទាំង៥ ព្រោះជាតម្រូវការខានមិនបាន សម្រាប់អភិបាលកិច្ច និងការអភិវឌ្ឍជាតិ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងប្រកាន់យកអភិក្រមទាំង ៥ចំណុច ជាអាទិភាព ដើម្បីធានាដល់ការអភិវឌ្ឍន៍ជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ។
ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២២ សីហានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំគិតថាមន្ត្រីរាជរដ្ឋាភិបាលថ្មី ពួកគេនឹងបន្តអភិក្រមនេះ នេះតាមការយល់ដឹងរបស់ខ្ញុំ ព្រោះអភិក្រមទាំង៥នេះ វាជាតម្រូវការខានមិនបាន សម្រាប់អភិបាលកិច្ច និងការអភិវឌ្ឍរបស់យើង, ផ្ទៃក្នុងគណបក្សប្រជាជនក៏មានការស្រុះស្រួលអំពីការងារនេះ ហើយលើការងារជាក់ស្តែងយើងបានពិនិត្យ និងបានធ្វើគ្រាន់តែយើងមិនបានសរសេរចេញជាទ្រឹស្តីតែប៉ុណ្ណោះអញ្ចឹង ឆ្លុះកញ្ចក់ មួជទឹក ដុះក្អែល ព្យាបាល និងវះកាត់ ជាអភិក្រមដែលចាំបាច់ត្រូវតែធ្វើ ទោះបីជាមិនដាក់ជាទ្រឹស្តី ក៏ត្រូវតែធ្វើដែរ» ៕
