សាលាវិទ្យាល័យ ព្រះមហាក្សត្រិយានីកុសុមៈ អនុញ្ញាតឱ្យសិស្សចូលសិក្សាវិញហើយ

ភ្នំពេញ៖ បន្ទាប់ពីធ្វើការបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរួចរាល់ ពេលនេះអង្គភាពបោសសម្អាតមីនស៊ីម៉ាក់ បានជម្រាបដល់លោកគ្រូអ្នកគ្រូ សាលាវិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ អនុញ្ញាតឱ្យសិស្សានុសិស្សចូលសិក្សាវិញជាធម្មតានៅព្រឹកថ្ងៃចន្ទទី២១ ខែសីហា ឆ្នាំ២០២៣នេះ ។
សូមរំឭកថា បន្ទាប់ពីរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះកាលពីថ្ងៃទី១១សីហា ឆ្នាំ២០២៣ លោកគ្រូអ្នកគ្រូនៃវិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ បានរាយការណ៍ទៅកាន់អាជ្ញាធរឱ្យចុះមកពិនិត្យមើលជាក់ស្តែង ហើយភ្លាមៗនោះសមត្ថកិច្ចក៏បានទាក់ទងបន្តទៅក្រុមបោសសម្អាតមីនស៊ីម៉ាកឱ្យមកមើល និងបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ ដោយលើកទី១ ក្រុមស៊ីម៉ាក់បានរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន២១១៦គ្រាប់គិតពីថ្ងៃទី១១-១៣សីហា ឆ្នាំ២០២៣។ និងលើកទី២ ចាប់ផ្តើមនៅថ្ងៃទី១៦-២០សីហា ឆ្នាំ២០២៣ រកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ២៧៧គ្រប់បន្ថែមទៀត សរុបទាំងពីរលើក គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមានចំនួន២៣៩៣គ្រាប់។
ដោយឡែក ក្រោយការបោសសម្អាតទាំងពីរលើនេះ អង្គភាពស៊ីម៉ាក់បានបញ្ជាក់ថា ពុំមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងបរវេណសាលាវិទ្យាល័យនោះទៀតទេ ដូច្នេះ ពួកគេបានបញ្ឈប់សកម្មភាពរាវរកបន្តទៀត និងបានផ្តល់បរិវេណសាលាជូនដល់លោកនាយកសាលាដើម្បីឱ្យសិស្សចូលរៀនវិញ។
យ៉ាងណា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ក្រោយពីកម្លាំងអង្គភាពស៊ីម៉ាក់ ប្រគល់សាលាវិទ្យាល័យព្រះមហាក្សត្រិយកុសុមៈ ជូនដល់លោកគ្រូអ្នកគ្រូវិញ ខាងសាលាក៏បានអនុញ្ញាតឱ្យសិស្សានុសិស្សចូលរៀនវិញហើយ ដែលសាលាស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
