សៀវភៅ កម្ពុជាសម័យតេជោ វគ្គ៣៤« ជោគជ័យលើការបោះបង្គោលព្រំដែន »

សៀវភៅ«កម្ពុជា សម័យតេជោ»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើងដើម្បីបង្ហាញទៅដល់មនុស្សជំនាន់ក្រោយៗទៀតឱ្យបានជ្រាបថា ក្នុងសម័យកាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាមានការរីកចម្រើន និងមានសមិទ្ធផលជាច្រើនរាប់មិនអស់ ដែលត្រូវចាប់អារម្មណ៍កោតសរសើរ និងកត់ត្រាទុក។ ដូច្នេះ ខ្លឹមសារក្នុងសៀវភៅនេះ មិនមានរៀបរាប់លម្អិត អំពីដំណើរជីវិតរបស់សម្តេច ហ៊ុន សែន ដូចសៀវភៅដទៃៗទៀតទេ។ ប៉ុន្តែ និយាយអំពីរាល់ការអភិវឌ្ឍ ដែលសម្តេចតេជោ ហ៊ុន សែន ខិតខំប្រឹងប្រែង ដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ ជាពិសេស ដើម្បីសុខុមាលភាពប្រជាជនដោយគ្មានរើសអើង ជាតិសាសន៍ សាសនា ឬពណ៌សម្បុរ ឬនយោបាយចាប់តាំងពីក្រោយព្រះរាជាណាចក្រកម្ពុជាទី២ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣និងការបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
ឯកឧត្តម ពៅ សុខ ជឿថា សៀវភៅនេះ ទោះបីមិនល្អឥតខ្ចោះ ប៉ុន្តែ នឹងក្លាយជាពន្លឺ ជាឯកសារជំនួយស្មារតីខ្លះៗដល់អ្នកស្រាវជ្រាវ មិត្តអ្នកអាន ឬមនុស្សជំនាន់ក្រោយ ក្នុងការសិក្សាឈ្វេងយល់អំពីព្រឹត្តិការណ៍នានា ដែលកើតមានឡើងនៅក្នុងផ្ទៃប្រទេសចន្លោះពីឆ្នាំ១៩៧០ដល់ឆ្នាំ២០២៣។ ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមាននៅក្នុងសៀវភៅ«កម្ពុជា សម័យតេជោ»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។
វគ្គ៣៤« ជោគជ័យលើការបោះបង្គោលព្រំដែន »
ការបោះបង្គោលព្រំដែន ត្រូវបានចាប់ផ្តើមឡើងវិញពីឆ្នាំ២០០៦ បន្ទាប់ពីបារាំងបានបោះលើកទី១មក កម្ពុជា ពុំធ្លាប់បានចាប់ផ្តើមវាស់វែង ឬបោះបង្គោលព្រំដែនឡើងវិញទេ ដោយហេតុថា កម្ពុជាកំពុងជាប់ដៃក្នុងការធ្វើសង្រ្គាមរវាងខ្មែរគ្នាឯងផងជាមួយបរទេសជិតខាងផង ជាពិសេសក្នុងអំឡុងរបបខ្មែរក្រហម ប៉ុល ពត ប្រជាជនកម្ពុជាកំពុងទទួលរងនូវការធ្វើទារុណកម្មទាំងផ្លូវកាយនិងផ្លូវចិត្ត ដោយការបង្ខំឱ្យធ្វើការជាទម្ងន់ហួសកម្លាំង ការបង្អត់អាហារ និងការកាប់សម្លាប់ដោយគ្មានរើសមុខ។ ទើបតែក្រោយពីកម្ពុជា ទទួលបាន នូវសុខសន្តិភាពទាំងស្រុងនៅចុងឆ្នាំ១៩៩៨ ទើបកម្ពុជាមានឱកាស និងលទ្ធភាព ក្នុងរៀបចំចរចា ដើម្បីបោះបង្គោលព្រំដែនឡើងវិញ ជាការបំពេញនូវចំណុចខ្វះខាត ដែលមានកន្លងមក។ យោងតាមគេហទំព័រ www.ocm.gov.kh បានឱ្យដឹងថា ដើម្បីបំពេញបេសកកម្មនេះ នៅឆ្នាំ១៩៩៦ គណៈកម្មការមួយឈ្មោះថា អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ត្រូវបានបង្កើតឡើង ក្រោមព្រះរាជក្រឹត្យលេខ នស/រកត/០៤៩៦/២៥ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៦ ក្រោយមករាជរដ្ឋាភិបាល ក៏បានចេញអនុក្រឹត្យលេខ១៨២ អនក្រ.បក ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ មួយទៀត ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន។
គោលដៅ នៃការកិច្ចការនេះ គឺជាយុទ្ធសាស្រ្តរបស់រាជ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន សំដៅកសាងខ្សែព្រំដែនមួយច្បាស់លាស់ជាមួយប្រទេសជិតខាង ទាំងព្រំដែនគោក និងព្រំដែនសមុទ្រ ដើម្បីរក្សាជាមរតកសម្រាប់កម្ពុជា ជានិច្ចនិរន្តរ៍។ គេហទំព័ឬដដែល បានកត់ត្រាថា ៖
១.ខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម មានប្រវែងប្រមាណ១២៧០គ.ម។ គិតត្រឹមឆ្នាំ២០១៧ ក្រុមការងារបោះបង្គោលព្រំដែនបានឯកភាពលើខ្សែព្រំដែនបានប្រមាណជា៨៤%។ នៅសល់១៦%កំពុងបន្តដោះស្រាយ។ឯការបោះបង្គោលព្រំដែនធំ នៅតំបន់ឯកភាពគ្នាបានចប់១០០%។ ការបោះបង្គោលព្រំដែនបំពេញបន្ថែម និងបង្គោលតម្រុយព្រំដែន នៅតំបន់ឯកភាពគ្នាបាន៩៩,៩៤%។ ព្រំដែនគោក កម្ពុជា វៀតណាម ទាំង១២៧០គីឡូ ម៉ែត្រ អូសកាត់ខេត្តចំនួន៩របស់កម្ពុជា ដោយត្រូវការបោះបង្គោលព្រំដែនសរុបចំនួន៣១៤ទីតាំង។
២.ព្រំដែនជាមួយឡាវ មានប្រវែងប្រមាណជា៥៤០គ.ម។ ក្រុមការងារបោះបង្គោលព្រំដែន បានឯកភាពលើខ្សែព្រំដែនបានប្រមាណជា៨៦%។ នៅសល់១៤%កំពុងបន្តដោះស្រាយ និងបោះបង្គោលព្រំដែនបានចំនួន១២១បង្គោល ស្មើនឹង៨៤% នៃបង្គោលព្រំដែនសរុបចំនួន១៤៥។
៣.ព្រំដែនជាមួយថៃ មានប្រវែងប្រមាណជា៨០៥ គ.ម។ ក្រុមការងារបោះបង្គោលព្រំដែន បានឱ្យដឹងថា បញ្ចប់បានទាំងស្រុង ក្នុងការរុករកបង្គោលព្រំដែនចាស់ បោះដោយគណៈកម្មការចម្រុះកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម គឺរកឃើញបង្គោលព្រំដែនចាស់ទាំង៧៣ ដែលបោះនៅដើមសតវត្សរ៍ ទី១៩ និងទី២០ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ១.១ ការបោះបង្គោលព្រំដែនជាមួយ វៀតណាមតាមសាវតារ នៃក្រុមការងារ បោះបង្គោលព្រំដែនបានឱ្យដឹងថា គណៈកម្មការនេះ ចាប់ផ្តើមអនុវត្តការងារវាស់វែង តាំងពីឆ្នាំ២០០៦ ហើយចាប់ពីឆ្នាំ២០០៩ ព្រះរាជាណាចក្រកម្ពុជា ឡាវ និងវៀតណាម ចាប់ផ្តើមជំរុញ និងពន្លឿនការងារបោះបង្គោលព្រំដែនឱ្យបានឆាប់ ដើម្បីបញ្ចប់វិវាទព្រំដែន ទោះបីការងារព្រំដែនជារឿងដ៏ស្មុគស្មាញ។ លោកវ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ដែលមានវត្តមានក្នុងកិច្ចប្រជុំពិភាក្សាពីបញ្ហាព្រំដែនបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០៩ថា ការងារបោះបង្គោលព្រំដែនមិនមែនជាការងារងាយស្រួលនោះទេ ប៉ុន្តែ ប្រទេសទាំងពីរបានឯកភាពគ្នាបញ្ចប់កិច្ចការបោះបង្គោលព្រំដែនឱ្យចប់មុនដំណាច់ឆ្នាំ២០១២ ។
នៅចុងខែធ្នូ ឆ្នាំ២០០៩ ដំណើរការ នៃការបោះបង្គោលព្រំដែនមានបានជួបការលំបាក និងស្មុគស្មាញមួយចំនួន ដោយសារភាគីវៀតណាមជីកព្រែក លើកទំនប់ ចាប់ពីអំឡុងឆ្នាំ១៩៧៩មក។ ថ្លែងក្នុងការបិទសន្និបាតបូកសរុបលទ្ធផលការងារព្រំដែនឆ្នាំ២០០៩ លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា មានប្រសាសន៍ថា មានបញ្ហាប្រឈមបញ្ហាមួយចំនួនក្នុងការបោះបង្គោល និងខណ្ឌសីមាព្រំដែនគោកជាមួយប្រទេសវៀតណាមនៅតំបន់វាលទំនាប ដែលខ្សែព្រំដែនដើរកាត់តំបន់ ដែលមានប្រជាពលរដ្ឋរស់នៅច្រើនកុះករ ។ បញ្ហាស្មុគស្មាញមួយទៀត គឺការជីកព្រែក លើកទំនប់ដោយភាគីវៀតណាមតាមបណ្តោយព្រំដែន នៅក្នុងអំឡុងឆ្នាំ១៩៧៩ ពុំបានគោរពតាមខ្សែព្រំដែនដែលមាននៅលើផែនទីមូលដ្ឋាន ហើយប្រជាពលរដ្ឋខ្លះដែលរស់នៅទាំងសងខាងព្រំដែន និងអាជ្ញាធរមូលដ្ឋាន បានចាត់ទុកថាទំនប់-ប្រឡាយទាំងនេះ គឺជាខ្សែព្រំដែនរវាងប្រទេសទាំងពីរ។ លោក គឹម ហុង អះអាងថា ការបោះបង្គោលព្រំដែន គឺចូលទឹកដីគ្នាទៅវិញទៅមក។
មានកន្លែងខ្លះមានចេញ និងចូល ប៉ុន្តែមិនច្រើនទេ ដោយកន្លែងខ្លះ១០០ម៉ែត្រកន្លែងខ្លះ៥០ម៉ែត្រ និងកន្លែងខ្លះទៀត២០ម៉ែត្រ ព្រោះខ្សែនៅលើផែនទីខ្នាត១/១០០.០០០។ ៦ឆ្នាំក្រោយមក ទោះបីនៅមានភាពស្មុគស្មាញ និងការប្រទាញប្រទង់ច្រើន ប៉ុន្តែលទ្ធផល នៃការបោះបង្គោលព្រំដែនកម្ពុជា វៀតណាម បានឈានដល់ប្រមាណ៨៣% ។ យោងសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការចម្រុះព្រំដែនកម្ពុជា-វៀតណាម នៅល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០៩ ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់ខ្លួននៅទីស្តីការគណៈរដ្ឋមន្ត្រី ចាប់តាំងពីថ្ងៃទី៧ ខែកក្កដា បានឱ្យដឹងថា កិច្ចប្រជុំ ដែលឈរលើមូលដ្ឋាន និងស្មារតីគោរពគ្នាទៅវិញទៅមក ក្រុមការងារទទួលបានលទ្ធផលបីចំណុចសំខាន់ៗ គឺទី១ ភាគីទាំងពីរទទួលស្គាល់ថា ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងប្រទេសទាំងពីរមានភាពស្មុគស្មាញច្រើន បើទោះបីការបោះបង្គោលបានចំនួន៨៣%ក៏ដោយ។ ទី២ ភាគីទាំងពីរឯកភាពអនុវត្តតាមសេចក្តីប្រកាសព័ត៌មានរួមកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ ស្តីពីការរក្សាស្ថានភាពបច្ចុប្បន្ននៅតាមបណ្តោយព្រំដែន និងទី៣ ភាគីទាំងពីរឯកភាពឱ្យក្រុមបច្ចេកទេសចម្រុះព្រំដែន និងអាជ្ញាធរពាក់ព័ន្ធនៅតាមបណ្តាខេត្តជាប់ព្រំដែន សហការគ្នាដោះស្រាយរាល់បាតុភាពនៅតាមបណ្តោយព្រំដែនដើម្បីទប់ស្កាត់ និងបញ្ជៀសការរាលដាលដែលនាំឱ្យប៉ះពាល់ទំនាក់ទំនងប្រទេសទាំងពីរ។ មួយឆ្នាំបន្ទាប់ក្រុមការងារព្រំដែន នៃប្រទេសទាំងពីរបានជួប្រជុំគ្នាម្តងទៀតនៅកម្ពុជា ដែលកិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា និងភាគីវៀតណាមដឹកនាំដោយលោក ឡេ ហ្វាយទ្រុង អនុរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការព្រំដែនជាតិនៃក្រសួងការបរទេស វៀតណាម។
ជាលទ្ធផលក្រុមការងារបោះបង្គោលព្រំដែនលើដីគោករវាងប្រទេសទាំងពីរ បានឯកភាពគ្នា លើ៤ចំណុច៖ ១.គោរពឱ្យបានត្រឹមត្រូវ នូវសន្ធិសញ្ញាអំពីការកំណត់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗ រវាងប្រទេសទាំងពីរស្តីអំពីព្រំដែនសីមា។ ២.បន្តផ្លាស់ប្ដូរយោបល់គ្នាអំពីខ្លឹមសារទាក់ទងដល់ការអញ្ជើញអ្នកជំនាញពិគ្រោះយោយបល់អន្តរជាតិ ជួយដោះស្រាយដាច់ស្រេច នូវការកំណាត់ព្រំដែន ដែលពុំទាន់កំណត់ខណ្ឌសីមាបោះបង្គោលព្រំដែន ដើម្បីសម្រេចលទ្ធផលប្រកបដោយសត្យានុម័ត មានលក្ខណៈវិទ្យាសាស្រ្ត ច្បាស់លាស់ និងសមស្របជាមួយកិច្ចព្រមព្រៀងកំណត់ព្រំដែនប្រទេសទាំងពីរ។ ៣.ផ្លាស់ប្តូរយោបល់គ្នាក្នុងពេលឆាប់ៗខាងមុខ ឯកភាពលើវិធានការផ្តោះប្តូរតាមទម្រង់រូបភាព MOU សម្រាប់តំបន់ចំនួន៥ នៅខេត្ត ឡុងអាន និង១ តំបន់នៅខេត្តដាក់ឡាក់ ដើម្បីលំនឹងជីវភាពរស់នៅរបស់ប្រជាជននៅសងខាងតំបន់កំណាត់ព្រំដែនទាំងនេះ។ ៤.ជំរុញដំណើរការកសាងបង្គោលបន្ទាប់បន្សំ បង្គោលតម្រុយ និងបំពេញឯកសារកំណត់ខណ្ឌសីមា បោះបង្គោលព្រំដែន នៃបន្ទាត់ព្រំដែនដីគោក កម្ពុជា វៀតណាម ចំនួន ៨៣% ដែលត្រូវបានភាគីទាំងពីរកំណត់ខណ្ឌសីមាបោះបង្គោលព្រំដែនរួចហើយ ។
មួយឆ្នាំបន្ទាប់ពីមានកិច្ចព្រមព្រៀងនេះ ក្រុមការងារបោះបង្គោលព្រំដែន កម្ពុជា វៀតណាម បានបញ្ចប់ការបោះបង្គោលព្រំដែនធំនៅខេត្តព្រៃវែង និងដុងថាប់ ។ លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា បានអះអាងថា បង្គោលព្រំដែនធំនៅខេត្តព្រៃវែង និងដុងថាប់ ត្រូវបានភាគីកម្ពុជា និងវៀតណាមឯកភាពគ្នាបញ្ចប់ការបោះបង្គោលទាំងស្រុង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ចំណែកការបោះបង្គោលព្រំដែនបំពេញបន្ថែមរវាងកម្ពុជា និងវៀតណាម នៅខេត្តព្រៃវែង សម្រេចបាន៧១%។ ដោយមានភាពចម្រូងចម្រាសខ្លាំងលើការងារបោះបង្គោលព្រំដែននៅចុងឆ្នាំ២០១៧ គឺមួយឆ្នាំក្រោយមកប្រមុខដឹកនាំ នៃប្រទេសទាំងពីរ គឺសម្តេច តេជោនាយរដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក បានសន្យាថា នឹងជំរុញការបោះបង្គោលព្រំដែន ឱ្យបានរួចរាល់នៅឆ្នាំ២០១៨ ។ ប៉ុន្តែ អ្វីមិនដូចការគ្រោងទុកនោះទេ ព្រោះតាមការអះអាងរបស់លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បានឱ្យដឹងថា ចុងឆ្នាំ២០១៧ ការបោះបង្គោលព្រំដែនកម្ពុជា វៀតណាម ទើបតែបាន៨៥%ប៉ុណ្ណោះ ទោះបីកម្ពុជា-វៀតណាម បានបញ្ចប់ការបោះបង្គោលព្រំដែនធំរវាងខេត្តក្រចេះកម្ពុជា នឹងខេត្តប៊ិនភឿកវៀតណាមក៏ដោយ ។ ឆ្នាំ២០១៨ ដែលជាឆ្នាំ នៃការសន្យារបស់ប្រមុខដឹកនាំកម្ពុជា វៀតណាម កាលពីឆ្នាំមុននោះ មិនទាន់បានសម្រេចគោលដៅនៅឡើយ ដោយគ្រាន់តែ បានបញ្ចប់ការបោះបង្គោលព្រំដែន នៅខេត្តរតនគិរី និងមណ្ឌលគីរី ប្រកបដោយភាពចម្រូងចម្រាសប៉ុណ្ណោះ ។
ទោះយ៉ាងណាលោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន នៅតែមានមោទកភាពដោយសរសេរនៅលើហ្វេសប៊ុក(Facebook) របស់លោកស្រីនៅថ្ងៃទី២៣ ខែវិច្ឆិកា ថា ទោះបីជាបេសកកម្មចុះបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅខេត្តទាំងពីរនេះ មានឧបសគ្គខ្លះយ៉ាងណាក៏ដោយក៏គណៈកម្មាធិការព្រំដែន ខិតខំដើម្បីសម្រេចគោលដៅរបស់ខ្លួនដែរ។ នៅមុននេះមួយថ្ងៃ លោកស្រី កុយ ពិសី និងលោកវ៉ា គឹម ហុង បានទៅទស្សនកិច្ចនៅខេត្តភាគឦសាន ដែលកំពុងមានភាពចម្រូងចម្រាសលើបញ្ហាការបោះបង្គោលព្រំដែននេះ ដើម្បីពិនិត្យមើលពីស្ថានភាពជាក់ស្តែង។ លោកស្រីកុយ ពិសី បានឱ្យដឹងថា នៅខេត្តមណ្ឌលគិរី ទល់នឹងខេត្តប៊ិញភឿកប្រទេសវៀតណាម មានបង្គោលព្រំដែនបំពេញបន្ថែម ដែលកម្ពុជាទទួលបន្ទុកសាងសង់ចំនួន១៩៧បង្គោល ក្នុងនោះមានបង្គោលបំពេញបន្ថែមចំនួន១៨៩ និងបង្គោលតម្រុយចំនួន៨ ដែលត្រូវបញ្ចប់នៅថ្ងៃនេះ ។ ដើម្បីរក្សាសមិទ្ធផល នៃការងារបោះបង្គោលព្រំដែន ដែលបានធ្វើរួចហើយ នៅដើមខែតុលា ឆ្នាំ២០១៩ គឺមួយឆ្នាំក្រោយមក នៅទីក្រុងហាណូយ ប្រទេសវៀតណាម សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម បានចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរដែលសម្រេចបានចំនួន៨៤%។ ការចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែន នៃប្រទេសទាំងពីរ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា និងវៀតណាម។ នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ បានចាត់ទុកលទ្ធផលនេះជាលទ្ធផលមួយដ៏រីករាយ និងគួរជាទីមោទនភាព ។
នៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាទទួលស្គាល់ផែនទីថ្មីខ្នាត១លើ២៥ពាន់ចំនួន៩២ផ្ទាំង ដែលផលិតឡើងដោយប្រើបច្ចេកវិទ្យាខ្ពស់បង្ហាញពីបង្គោលព្រំដែន និងខ្សែខណ្ឌសីមា នៃប្រទេសទាំងពីរ ហើយផែនទីនេះនឹងត្រូវយកទៅតម្កល់នៅអង្គការសហប្រជាជាតិផងដែរ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សមិទ្ធផលផ្លែផ្កាដ៏ធំធេង ដែលប្រទេសទាំងពីរសម្រេចបាននេះ កើតចេញពីការស្វះស្វែងរកដំណោះស្រាយរួម ប្រកបដោយភាតរភាព និងការយោគយល់គ្នាទៅវិញទៅមកក្នុងភាពជាមិត្តភាពរាប់សិបឆ្នាំកន្លងមកហើយ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសមិទ្ធផល នៃការបោះបង្គោលព្រំដែន និងការកំណត់ព្រំសីមារវាងប្រទេសទាំងពីរថាជាការរួមចំណែកក្នុងការបិទបញ្ចប់វិវាទ និងទំនាស់រវាងប្រជាជននៃប្រទេសទាំងពីរ។ ៥ថ្ងៃបន្ទាប់លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បានថ្លែងអបអរសាទរថា ការបោះបង្គោលព្រំដែនកម្ពុជា វៀតណាម គឺជាជោគជ័យរបស់កម្ពុជា ក្នុងសម័យតេជោ ។ មួយឆ្នាំក្រោយមក ក្រុមការងារបោះបង្គោលព្រំដែនកម្ពុជា វៀតណាម បានបង្ហាញពីមោទនភាព ដែលបានបញ្ចប់ការបោះបង្គោលព្រំដែនរួចរាល់ជាស្ថាពរ នៅខេត្តចំនួន៣បន្ថែមទៀត គឺខេត្តព្រៃវែង ក្រចេះ និងខេត្តត្បូងឃ្មុំ ។ មន្រ្តីជាន់ខ្ពស់ នៃក្រុមការងារកិច្ចការព្រំដែនបញ្ជាក់ថា នេះជាសមិទ្ធផលជាប្រវត្តិសាស្រ្តលើកដំបូងសម្រាប់កម្ពុជា ដែលមានសិទ្ធិ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងព្រំដែនប្រទេសដោយខ្លួនឯង ដើម្បីទុកជាមរតកគ្រប់ជំនាន់តទៅ។ នេះជាការប្តូរផ្តាច់ និងប្រឹងប្រែងរបស់មន្រ្តីព្រំដែន និងស្ថាប័នពាក់ព័ន្ធ ដែលខិតខំទម្លុះទម្លាយគ្រប់ឧបសគ្គ តស៊ូក្រាញននៀលដើម្បីសម្រេចបាននូវផ្លែផ្កានេះ ហើយពួកគេបានអបអរសាទរ ចំពោះជាតិមាតុភូមិ ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះសមិទ្ធផលដ៏គួរឱ្យស្ញប់ស្ញែង។ ប៉ុន្តែ មុននេះកន្លះឆ្នាំ មន្រ្តី នៃគណៈកម្មាធិការ កិច្ចការព្រំដែន លោកស្រី កុយ ពិសី ប្រាប់អ្នកសារព័ត៌មានថា ការកំណត់ព្រំដែន ដែលនៅសល់មានភាពស្មុគស្មាញទាំងឯកសារ និងបច្ចេកទេស ។
ការកំណត់ព្រំដែន ដែលនៅសេសសល់ជាមួយប្រទេសវៀតណាម ថៃ និងឡាវ គឺមានភាពស្មុគស្មាញខ្លាំង ទាំងលក្ខណៈបច្ចេកទេស និងឯកសារផ្លូវច្បាប់ ខណៈដែលបច្ចុប្បន្នការបោះបង្គោលព្រំដែនគោកជាមួយវៀតណាម សម្រេចបានចំនួន៣១៥បង្គោល លើចំនួនសរុប៣៧៥បង្គោល ស្មើនឹង៨៤%។ ចំណែកការបោះបង្គោលព្រំដែនជាមួយឡាវសម្រេចបានចំនួន១២១បង្គោលលើចំនួនសរុប១៤៥បង្គោលស្មើនឹង៨៦% និងជាមួយថៃ គឺក្រុមការងារប្រទេសទាំងពីរបានស្វែងរក និងកំណត់ទីតាំងបង្គោលព្រំដែនចាស់ដែលបោះដោយគណៈកម្មាធិការចម្រុះបារាំង-សៀម ក្នុងសម័យអាណានិគមបារាំងបានចំនួន៤៥ បង្គោលក្នុងចំណោមបង្គោលសរុបចំនួន៧៣ បង្គោលស្មើនឹង៦២%។ ដោយឡែក ការកំណត់ព្រំសីមា ដែលនៅសេសសល់ជាមួយប្រទេសទាំង៣ ថៃ ឡាវ និងវៀតណាម គឺមានភាពស្មុគស្មាញខ្លាំង រួមទាំងលក្ខណៈបច្ចេកទេស និងឯកសារផ្លូវច្បាប់ ព្រោះការបោះបង្គោលព្រំដែន ដែលនៅសល់រវាងកម្ពុជា-វៀតណាម និងឡាវ គឺពិបាកដូចគ្នាទាំងផែនទី និងបច្ចេកទេសនៅក្នុងការគូសចម្លងផែនទី ដោយសារតែកម្ពុជា និងប្រទេសទាំង២ ប្រើប្រាស់ផែនទីខ្នាត១ លើ១០០ពាន់ ដែលផែនទីនេះ បោះពុម្ពយូរមកហើយ ហើយពេលយកទៅបោះនៅលើដីជាក់ស្តែង គឺមិនអាចអនុវត្តន៍កើត ព្រោះនៅលើផែនទី និងនៅទីតាំងជាក់ស្តែងមិនដូចគ្នា។ ដូច្នេះ ការកំណត់ព្រំដែន គឺទាក់ទងនឹងឯកសារពាក់ព័ន្ធនានា ដូចជាសេចក្តីសម្រេចរបស់អគ្គទេសាភិបាលឥណ្ឌូចិន និងឯកសារផ្សេងៗដោយភាគីនីមួយៗ ត្រូវយកឯកសារនោះមកធ្វើជាអំណះអំណាង។ តាមការអះអាងរបស់មន្រ្តី ជាន់ខ្ពស់ នៃក្រុមការងារព្រំដែន ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម មិនបណ្តាលឱ្យកម្ពុជា បាត់បង់ទឹកដីទេ ប៉ុន្តែមានការឯកភាពដោះដូរដីគ្នា៣១កន្លែង ។
ការលើកឡើងនេះធ្វើឱ្យមានប្រតិកម្មពីក្រុមអ្នកនយោបាយប្រឆាំង ប៉ុន្តែលោក វ៉ា គឹមហុង បញ្ជាក់ថា បញ្ហាព្រំដែនមិនមែនជារឿងសាមញ្ញ និងចេះតែនិយាយបំភ្លើសទាំងគ្មានមូលដ្ឋានច្បាប់ឡើយ ហើយបើយើងមិនបោះបង្គោលព្រំដែនឱ្យបានចប់រួចរាល់ទេ នោះនឹងបន្តឱ្យមានទំនាស់ព្រំដែនរាប់ជំនាន់តទៅទៀត ហើយភាពសុខសាន្តនៅតាមព្រំដែននឹងមិនអាចកើតមានទេ ។ ទោះយ៉ាងណា សមិទ្ធផលទាំងនេះ បន្ទាប់ពីក្រុមការងារបានរៀបចំរួចរាល់ ក៏មិនទាន់ពេញលក្ខណៈច្បាប់នៅឡើយដែរ គឺត្រូវយកទៅឆ្លងទីស្តីការគណៈរដ្ឋមន្រ្តី ឆ្លងរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីសុំសច្ចាប័នទើបទទួលបានភាពស្របច្បាប់។ ប្រសិនបើរដ្ឋសភា ព្រឹទ្ធសភា និងព្រះមហាក្សត្រ មិនផ្តល់សច្ចាប័ន ឬមិនអនុម័តទទួលស្គាល់ទេ នោះឯកសារស្តីពីកិច្ចការ ព្រំដែនទាំងអស់ ដែលទទួលបាន៨៤%នោះ ត្រូវទុកជាអសារបង់ ឬមិនមានលក្ខណៈជាផ្លូវច្បាប់ពេញលេញ និងមិនអាចទទួលយកបាន។ ដើម្បីទទួលបានការគាំទ្រពីស្ថាប័នកំពូលទាំងពីររបស់ជាតិ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានបើកកិច្ចប្រជុំជាមួយគណៈកម្មការជំនាញ នៃព្រឹទ្ធសភា ដើម្បីឆ្លងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រ ទេសកម្ពុជា និងវៀតណាម ចំនួន៨៤% មុននឹងបញ្ជូនទៅព្រឹទ្ធសភា ដើម្បីពិនិត្យ និងអនុម័ត ។
លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានប្រាប់សារព័ត៌មាន Fresh News ថា កិច្ចប្រជុំនេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ចំណែកខាងព្រឹទ្ធសភាដឹកនាំដោយ លោក សុខ ឥសាន ប្រធានគណៈកម្មការទី៤ និងតំណាងគណៈកម្មការចំនួន៩ផ្សេងទៀត។ លោកស្រីពន្យល់ថា ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ អំឡុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម។ លោកស្រីអះអាងថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទទួលយក កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ហើយត្រូវបានរដ្ឋសភាពេ អនុម័តទាំងស្រុងនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសំឡេងគាំទ្រ ១១៦ លើ ១១៦សំឡេង។ ៦ថ្ងៃក្រោយមក គឺនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រឹទ្ធសភា ដែលដឹកនាំប្រជុំដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលមានសមាជិកព្រឹទ្ធសភា៥២រូប បានអនុម័តយល់ព្រមទាំងស្រុង ដោយសំឡេងគាំទ្រ៥២ លើ៥២សំឡេង លើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ។
មួយខែបន្ទាប់ ក្រោយពីព្រឹទ្ធសភាផ្តល់សច្ចាប័ន ឯកសារពិធីសារ នេះត្រូវបានប្រគល់ និងផ្លាស់ប្តូរគ្នាទៅវិញទៅមកជាមួយភាគីវៀតណាម។ ការផ្លាស់ប្តូរ ត្រូវបានធ្វើឡើងក្នុងព្រឹត្តិការណ៍រៀងៗខ្លួន បន្ទាប់ពីកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម (JC) ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលបានធ្វើឡើងតាមរយៈសន្និសីទវីដេអូខុនហ្វឺរិន។ ភាគីកម្ពុជាដឹកនាំដោយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និង ភាគីវៀតណាម គឺលោក Pham Binh Minh ។ លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា(CBAC) ដែលមានវត្តមានក្នុងកិច្ចប្រជុំជាមួយលោក វ៉ា គឹមហុង ប្រធាន CBAC បានមានប្រសាសន៍ថា ជាទូទៅ ដើម្បីអនុវត្តតាមច្បាប់អន្តរជាតិ គឺចាំបាច់ត្រូវមានការផ្លាស់ប្តូរឯកសារជាផ្លូវការទៅវិញទៅមក ហើយនេះជាការងារប្រវត្តិសាស្ត្រសម្រាប់កម្ពុជា បន្ទាប់ពីបានបញ្ចប់ការងារបោះបង្គោលព្រំដែនបានចំនួន៨៤% ជាមួយវៀតណាម ហើយរដ្ឋសភា និងព្រឹទ្ធសភា បានទទួលស្គាល់ និងព្រះមហាក្សត្រទ្រង់បានឡាយព្រះរាជក្រឹត្យប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំនេះដែរ។ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស បានជំរុញឱ្យគណៈកម្មការចម្រុះកិច្ចការព្រំដែន (JBC)នៃប្រទេសទាំងពីរ នឹងបន្តចរចារកដំណោះស្រាយចំពោះ១៦% ដែលនៅសេសសល់ និងបានស្នើភាគីវៀតណាមកុំធ្វើអ្វី ដែលអាចធ្វើឱ្យអន្តរាយដល់តំបន់ដែលមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយនោះ។ សមិទ្ធផលជាប្រវត្តិសាស្រ្ត នៅលើបន្ទាត់ព្រំដែន ដែលមានប្រវែង១២៧០គីឡូម៉ែត្រ ជាមួយប្រទេសវៀតណាមនេះ គឺកើតចេញពីប្រទេសមានសុខសន្តិភាព និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារ នៃប្រទេសទាំងពីលើការបោះបង្គោលព្រំដែនចាប់តាំងពីខែកញ្ញាឆ្នាំ២០០៦មក ។
ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមការងារកិច្ចការព្រំដែន កាលពីដើមខែសីហា ឆ្នាំ២០២០ កម្ពុជា បានសម្រេចទទួលយកផែនទីដែលគូសថ្មីដោយភាគីកម្ពុជាវៀតណាម ខ្នាត១លើ២៥ពាន់(១/២៥.០០០) ជំនួសផែនទីដែលគូសដោយអាណានិគមនិយមបារាំង១លើ១០០ពាន់(១/១០០,០០០)ដើម្បីប្រើប្រាស់។ ផែនទីព្រំដែនថ្មីខ្នាត១/២៥ ០០០ ត្រូវបានមន្ត្រីកិច្ចការព្រំដែនកម្ពុជា ទៅទទួលយកពីមន្ត្រីកិច្ចការព្រំដែនវៀតណាមនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង និងច្រកម៉ុកបាយ ខេត្តតៃនិញ ប្រទេសវៀតណាម កាលពីថ្ងៃទី០១ខែសីហាឆ្នាំ២០២០។ ពិធីប្រគល់ និងទទួលផែនទីខ្នាត១/២៥ ០០០ ត្រូវបានធ្វើឡើងនៅចំពោះមុខគណៈប្រតិភូកម្ពុជាដឹកនាំដោយលោក វ៉ា គឹមហុង និងគណៈប្រតិភូវៀតណាមដឹកនាំដោយ លោក ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តីក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកភាគីវៀតណាម។ ផែនទីដែលទទួលដោយលោកស្រី កុយ ពិសី និងប្រគល់ដោយលោក ហ៊្វូង ថេឡុង អនុប្រធានគណៈកម្មការព្រំដែនរដ្ឋ នៃក្រសួងការបរទេស វៀតណាម បន្ទាប់ពីត្រួតពិនិត្យផ្ទៀងផ្ទាត់ និងឯកភាពបានទទួលយកនេះ មានចំនួន៥០០ច្បាប់ដើម ក្នុងនោះភាសាខ្មែរ-វៀតណាមចំនួន២៥០ច្បាប់ និងភាសាវៀតណាម-ខ្មែរចំនួន២៥០ច្បាប់ ដែលបានចងជាអាល់ប៊ុម (album) ជាសៀវភៅត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីទុកប្រើប្រាស់ក្នុងប្រទេសរៀងៗខ្លួន ។ ការទទួលយកនេះ ត្រូវបានក្រុមអតីតសមាជិកគណបក្សប្រឆាំងរិះគន់ថា ជាផែនទីសម្ងាត់ដែលគូសដោយវៀតណាម ។ ជាការឆ្លើយតប ភ្លាមៗលោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានអះអាងថា ផែនទីខ្នាត១/២៥០០០ មិនមែនគូសដោយវៀតណាមទេ គឺគូសរួមគ្នាដោយភាគីទាំងពីរ ហើយបោះពុម្ពដោយក្រុមហ៊ុនមួយនៅប្រទេសដាណឺម៉ាក តាមសំណើរបស់កម្ពុជា និងវៀតណាម។ លោកស្រីបញ្ជាក់ទៀតថា ផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាមមាត្រដ្ឋាន១/២៥.០០០ គឺបង្ហាញពេញលេញលទ្ធផលខណ្ឌសីមា និងបោះបង្គោលព្រំដែនប្រមាណជា៨៤% ដែល ប្រទេសទាំងពីសម្រេចបាន ។
ផែនទីនេះ ជាផែនទីទំនើបសម័យឌីជីថល៤.០ ដែលបង្ហាញយ៉ាងច្បាស់លាស់ នូវខ្សែព្រំដែន បង្គោលព្រំដែន រួមទាំងស្ថានភាពភូមិសាស្រ្តនៅលើដីជាក់ស្តែងបានយ៉ាងជាក់លាក់ ធ្វើឱ្យងាយស្រួលក្នុងការប្រើប្រាស់ជាងផែនទីបោនខ្នាត១/១០០.០០០ ដែលមានតែគំនូសខ្សែបន្ទាត់ព្រំដែន។ លោក វ៉ា គឹមហុង បានពន្យល់បន្ថែមថា ការលើកឡើងរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលថា ផែនទី១លើ២៥.០០០ គូសដោយវៀតណាម គឺគ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានស្រាវជ្រាវ ព្រោះផែនទីខ្នាត១/២៥.០០០នេះ មិនមែនជាការក្លែងផែនទីពីខ្នាត១/១០០.០០០ ទៅជា១/២៥.០០០ ទេ គឺជាការផលិតផែនទីថ្មី ដែលធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី នៃប្រទេសទាំង២ បានឯកភាពគ្នា ចុះកិច្ចព្រមព្រៀងផលិតជាមួយក្រុមហ៊ុនផលិតផែនទីឈ្មោះ Bloom Info មានមូលដ្ឋាននៅប្រទេសដាណឺម៉ាក កាលពីខែមករា ឆ្នាំ២០១១។ ការបោះពុម្ពផែនទី ធ្វើឡើងដោយការដេញថ្លៃត្រឹមត្រូវ ដោយមានការចូលរួមពីក្រុមហ៊ុនមកពីបារាំង ជប៉ុន និងហ្វាំងឡង់ ។ លោក វ៉ា គឹហុង អះអាងទៀតថា ក្រោយមកក្រុមហ៊ុននេះ បានប្រគល់ការងារបោះពុម្ពផែនទីទៅឱ្យក្រុមហ៊ុនមួយទៀតឈ្មោះ Niras និងបានបញ្ចប់ការងារនេះ នៅឆ្នាំមុន(២០១៩)។ រាល់ដំណាក់កាលនៃការផលិតផែនទី គឺសុទ្ធតែត្រូវបានត្រួតពិនិត្យច្បាស់លាស់ពីភាគីកម្ពុជា ក៏ដូចជាភាគីវៀតណាម។ មាន៥ដំណាក់កាល មុននឹងផលិតចេញជាផែនទី។ ដំណាក់កាលទី១ គេប្រើយន្តហោះ ហោះពីលើតាមបណ្ដោយព្រំដែនក្នុងប្រវែងណាមួយ ដែលបានកំណត់ ដើម្បីថតយករូបថតពីលើអាកាស ឬហៅថា orthophoto map។ បន្ទាប់មកប្រទេសទាំង២ និងក្រុមហ៊ុនទទួលខុសត្រូវផលិតផែនទី យកមកពិនិត្យលើរូបថត orthophoto map ដើម្បីកែតម្រូវឡើងវិញ។ដំណាក់កាលទី២ គឺនៅពេលក្រុមហ៊ុនបានធ្វើផែនទី orthophoto map រួចរាល់ហើយ គឹប្រគល់មកឱ្យភាគីទាំង២ ដើម្បីបោះបង្គោលព្រំដែនខណ្ឌសីមាជាមួយគ្នា។ បន្ទាប់មកភាគីទាំង២ ប្រគល់លទ្ធផលឯកភាពគ្នាទ្វេភាគីដែលរួមមានទីតាំងបង្គោល និងខ្សែព្រំដែនឱ្យទៅក្រុមហ៊ុន Bloom Info និងNiras ដើម្បីបញ្ចូលក្នុងផែនទីអាកាស និងបង្កើតជាផែនទីឋានលេខា ដែលបង្ហាញទិដ្ឋភាពនានា រួមមានផ្លូវទឹក ថ្នល់ និងវាលស្រែចម្ការជាដើម។ បន្ទាប់ពីបញ្ចូលរួចហើយ ក្រុមហ៊ុនប្រគល់ផែនទីនេះឱ្យភាគីទាំង២ ពិនិត្យមើល និងផ្ទៀងផ្ទាត់ម្ដងទៀត ដែលកិច្ចការនេះ ត្រូវចំណាយពេលច្រើនខែ។ ដំណាក់កាលទី៣ គឺភាគីកម្ពុជា និងវៀតណាម យកផែនទីទៅផ្ទៀងផ្ទាត់នៅលើដីជាក់ស្ដែង ដើម្បីពិនិត្យមើលថា តើរូបថតពីអាកាសត្រឹមត្រូវដូចជាក់ស្ដែងនៅលើដីឬទេ? បន្ទាប់ពីឯកភាពហើយ ទើបភាគីទាំង២កំណត់ដាក់ទីតាំងបង្គោល ហើយឱ្យក្រុមហ៊ុនបញ្ចូលក្នុងផែនទីដោយមានបង្គោល និងខ្សែបន្ទាត់ព្រំដែន ព្រមទាំងពិនិត្យសាជាថ្មី ដើម្បីកែតម្រូវឱ្យត្រូវតាមអ្វី ដែលគូភាគីបានឯកភាពគ្នា។ ដំណាក់កាលទី៤ បន្ទាប់ពីពិនិត្យហ្មត់ចត់ហើយ ភាគីទាំង២ ត្រូវប្រគល់កិច្ចការទៅឱ្យក្រុមហ៊ុនផលិតផែនទីតាមកិច្ចសន្យា ដែលបានព្រមព្រៀងគ្នា។ ដំណាក់កាលទី៥ ដែលជាដំណាក់កាលកំពុងផលិតនៅរោងពុម្ព ភាគីទាំង២ ក្នុងនោះភាគីម្ខាងៗមានសមាសភាពចំនួន២០នាក់ ទៅពិនិត្យរួមគ្នានៅឯរោងពុម្ពផ្ទាល់។ នៅពេលបោះពុម្ពត្រឹមត្រូវហើយ កម្ពុជា ជាអ្នកទទួលយកផែនទីទាំងអស់ ដើម្បីចុះហត្ថលេខាពីអ្នកជំនាញគ្រប់លំដាប់ថ្នាក់ រួមទាំងរូបលោក(វ៉ា គឹមហុង)ផង ដែលជាអ្នកចុះហត្ថលេខាចុងក្រោយគេ នៅចំពោះមុខនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពី ដែលការងារនេះធ្វើឡើងនៅប្រទេសវៀតណាមកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។ លោកវ៉ា គឹមហុង បញ្ជាក់ថា ភាគីទាំង២ គ្រោងយកលទ្ធផល នៃការផ្លាស់ប្ដូររួចហើយ ទៅតម្កល់ទុកនៅអង្គការសហប្រជាជាតិជាតឹកតាង ទៅតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។ ការតម្កល់នោះជាឯកសារទន់ និងឯកសាររឹង។ ប៉ុន្តែកិច្ចការនេះនឹងធ្វើទៅបាន បន្ទាប់ពីភាគីទាំងពីរផ្លាស់ប្ដូរលិខិតូបករណ៍ សច្ចាប័ន រវាងប្រទេសទាំង២ ដែលគ្រោងនឹងធ្វើនៅពេលឆាប់ៗខាងមុខ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានលើកឡើងថា នឹងមិនអត់ឱនឱ្យអ្នកណាម្នាក់ដែលញុះញង់អុជអាល និងចោទប្រកាន់ថា រាជរដ្ឋាភិបាលធ្វើឱ្យបាត់បង់ទឹកដីទៅវៀតណាម ខណៈរាជរដ្ឋាភិបាល ខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងយ៉ាងមានប្រសិទ្ធភាព និងសមភាព ។
សម្តេចពិជ័យសេនា បញ្ជាក់ថា រាជរដ្ឋាភិបាលនឹងចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកដែលចោទប្រកាន់រាជរដ្ឋាភិបាលថា ផលិត និងបោះពុម្ពផែនទីខ្នាត១/២៥០០០ ធ្វើឱ្យបាត់បង់ទឹកដីទៅប្រទេសជិតខាង ព្រោះការបោះពុម្ពផែនទីនេះ ពុំបានធ្វើឱ្យកម្ពុជាបាត់បង់ ឬខាតបង់ទឹកដីដោយការលើកឡើងក្នុងចេតនាញុះញង់ អុជអាល ដើម្បីកេងចំណេញនយោបាយនោះទេ។ ការពិតនេះ ជាជោគជ័យយ៉ាងធំ ដែលកម្ពុជាធ្វើបាន ដើម្បីប្រើប្រាស់ជាផ្លូវការ និងរក្សាទុកផែនទីនៅអង្គការសហប្រជាជាតិ ព្រោះទម្រាំទទួលបានផែនទីនេះ គឺមានការលំបាកខ្លាំងណាស់ មិនមែនងាយស្រួលឡើយ។ គួររម្លឹកថា ក្រោយការចុះហត្ថលេខា ទទួលស្គាល់ការបោះបង្គោលព្រំដែនបាន៨៤%តាមសន្ធិសញ្ញាបំពេញបន្ថែមរវាងសម្តេចជោនាយក រដ្ឋមន្រ្តី ហ៊ុន សែន និងប្រមុខរដ្ឋាភិបាល វៀតណាមលោក ង្វៀន ស៊ុនហ៊្វុក នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ មានការតវ៉ា និងរិះគន់ពីបណ្តាសកម្មជនគណបក្សប្រឆាំង មួយចំនួនថា ការចុះហត្ថលេខានេះ ធ្វើឱ្យប្រជាពលរដ្ឋ និងប្រទេសកម្ពុជា បាត់បង់ទឹកដីទៅភាគីវៀតណាម។ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីថ្ងៃចុះហត្ថលេខា៥ថ្ងៃ និងបន្ទាប់ពីមានប្រតិកម្មខ្លះៗនោះ លោក វ៉ា គឹមហុង អ្នកទទួលខុសត្រូវលើការងារព្រំដែន បានស្នើឱ្យប្រជាពលរដ្ឋ ដែលអះអាងថាខ្លួនបានបាត់បង់ទឹកដីទៅប្រទេសវៀតណាម រាយការណ៍មកអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន ដើម្បីដោះស្រាយ ។ លោក វ៉ា គឹមហុង នៅតែអះអាងថា ការបោះបង្គោលព្រំដែនកន្លងមក កម្ពុជាមិនបានបាត់ដីទេសូម្បីមួយចំអាម ហើយក៏មិនបានធ្វើឱ្យពលរដ្ឋណាម្នាក់ស្រក់ទឹកភ្នែកដែរ ក្រោយដោះដូរដីជាមួយវៀតណាមចំនួន៣៤តំបន់តាមព្រំដែនដោយសន្តិវិធី និងព្រមព្រៀងគ្នាទាំងស្រុង ។
ក្នុងពិធីសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី»របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងដោយមោទនភាពថា កម្ពុជាទទួលបានដីជាង២០០០ហិកតា បន្ទាប់ពីការដោះដូរជាមួយវៀតណាម ក្នុងការរៀបចំព្រំដែន រវាងប្រទេសទាំង២។ ការរៀបចំព្រំដែន គឺកម្ពុជាយកតាមផែនទី ដែលត្រូវបានតម្កល់នៅអង្គការសហប្រជាជាតិ ដែលបារាំងជាអ្នកគូសកាលពីអតីតកាល ហើយសម្តេចបានបញ្ជាឱ្យលោក វ៉ា គឹម ហុង ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការព្រំដែន និងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ យកដីទាំងនេះប្រគល់ជូនទៅកងទ័ពការពារព្រំដែន និងនគរបាលតាមព្រំដែនក៏ដូចជាអតីតយុទ្ធជន ដែលគ្មានដី។ សម្តេចតេជោ មានប្រសាសន៍ថា មានការដោះដូរដីមួយកន្លែង ស្ថិតនៅក្នុងភូមិសម្តេច ហេង សំរិន ព្រោះកាលមិនទាន់រៀបចំព្រំដែនថ្មី ភូមិនេះ ស្ថិតនៅលើដីវៀតណាម មានទំហំ៥០០ហិកតា ធ្វើឱ្យកម្ពុជាត្រូវរកដី ដើម្បីដូរជាមួយវៀតណាម៥០០ហិកតាដូចគ្នា។ ភូមិខ្មែរមួយចំនួនដែលចូលទៅក្នុងទឹកដីវៀតណាម គឺដោយសារតែខ្សែបន្ទាត់ព្រំដែន ដែលគូសដោយបារាំងបែបនោះ។ ហេតុនេះ ទើបកម្ពុជា និងវៀតណាម ព្រមព្រៀងគ្នាក្នុងការដោះដូរដីភូមិរៀងៗខ្លួន។ កន្លែងខ្លះ បារាំងមិនបានទៅដល់ទីតាំងភូមិឃុំផ្ទាល់ទេ គឺគូសតាមកំណត់ត្រារបស់ ស្មៀន ឬមេភូមិ ដែលពុំមានជំនាញផ្នែកផែនទី និងភូមិសាស្រ្ត។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្យល់ថា មាន៣ជម្រើស នៅក្នុងការរៀបចំព្រំដែនត្រង់ចំណុចពិបាកៗ នៃភូមិសម្តេច ហេង សំរិន រួមមាន៖ ជម្រើសទី១ ត្រូវកាត់ភូមិសម្តេច ហេង សំរិន ទៅឱ្យវៀតណាមគ្រប់គ្រង ដោយរក្សាទុកខ្សែព្រំដែនដដែល ជម្រើសទី២ រក្សាខ្សែព្រំដែនដដែល ប៉ុន្តែរើភូមិរបស់សម្តេច ហេង សំរិន ចេញ ហើយរកដីឱ្យគាត់ធ្វើភូមិថ្មីនៅក្នុងដីខ្មែរ និងជម្រើសទី៣ ត្រូវដោះដូរដីគ្នា ដោយរៀបចំខ្សែព្រំដែនជាថ្មី។ កម្ពុជា-វៀតណាម បានព្រមព្រៀងគ្នា ដោះស្រាយបញ្ហានេះដោយយកចំណុចទី៣ គឺត្រូវដូរខ្សែព្រំដែន ដោយគូសខ្សែព្រំដែនថ្មី ដោយធ្វើយ៉ាងណាព័ទ្ធយកភូមិសម្តេច ហេង សំរិន ឱ្យមកនៅក្នុងដីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានរម្លឹកទៀតថា ផែនទីប្រើសម្រាប់កំណត់ព្រំដែនជាមួយប្រទេសវៀតណាម បន្សល់ទុកដោយបារាំង មិនមែនជាផែនទីកំណត់ដោយខ្មែរ គឺធ្វើតាមផែនទីបោន ១/១០០.០០០ និងផែនទី UTM ១/៥០.០០០។ សម្រាប់ផែនទី ១/២៥.០០០ គឺធ្វើឡើង ដើម្បីងាយស្រួលក្នុងការមើលនិយាមការ លើព្រំដែនជាក់ស្តែង។ សម្តេច បានប្រាប់ទៅក្រុមប្រឆាំងថា កុំញុះញង់ឱ្យមានសង្គ្រាមជាមួយប្រទេសជិតខាង ព្រោះបញ្ហាព្រំដែនមិនមែនជារឿងលេងសើចទេ ហើយប្រសិនដីខ្មែរបាត់បង់រាល់ថ្ងៃដូចការចោទរបស់ពួកគេនោះខ្មែរអស់ដីហើយ។ សម្តេចតេជោ បានលើកជាសំណួរថា« ស្នេហាជាតិអីតែក្រុមប្រឆាំងនោះ ព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង មិនស្ថិតនៅលើបបូរមាត់របស់ក្រុមប្រឆាំងទេ គឺស្ថិតនៅលើច្បាប់អន្តរជាតិ»។
ក្រោយមក ដោយសារចេះតែមានការញុះញង់ និងដើម្បីបញ្ចប់ការមន្ទិលនានារបស់ប្រជាជន សង្គមស៊ីវិល ជាពិសេសក្រុមអ្នកនយោបាយ ដែលតែងតែយកបញ្ហាព្រំដែនធ្វើជាឈ្នាន់ជាអាជីវកម្ម ក្នុងមហិច្ឆតាកេងចំណេញនយោបាយ ដែលថា កម្ពុជា បានខាតបង់ទឹកដីកន្លែងនេះ ឬកន្លែងនោះ និងមានការលើកឡើងរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យលោក វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ចុះទៅពិនិត្យដោយផ្ទាល់នៅខេត្តត្បូងឃ្មុំ ដើម្បីដឹងថា តើពិតជាដូចអ្វីដែលពលរដ្ឋ ឬក្រុមអ្នកប្រឆាំងអះអាងទេថា ពួកគេបានបាត់ដីក្រោយការបោះបង្គោលព្រំដែនជាមួយវៀតណាម។ បទបញ្ជានេះធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំឆមាសលើកទី៤ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នីតិកាលទី៦ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ក្នុងជំនួប រវាងសម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយបណ្តាគណបក្ស នយោបាយ នៅវិមានសន្តិភាព ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានភារកិច្ច ឬយន្តការ៤៖ ១.ផ្តួចផ្តើមគំនិត ឬផ្តល់មតិ នៅលើការរៀបចំគោលនយោបាយ ដល់រាជរដ្ឋាភិបាល(ធាតុចូល) ២.ចូលរួមផ្តល់យោបល់ ដល់សេចក្តីព្រាងច្បាប់របស់របស់រាជរដ្ឋាភិបាលមុនគណៈរដ្ឋមន្ត្រីអនុម័ត។ ឧត្តមក្រុមប្រឹក្សាមានអត្តនោម័តធ្វើញាត្តិជូនព្រឹទ្ធសភា តតាំង និងច្បាប់ ដែលបានអនុម័តដោយរដ្ឋសភា។ ៣.ឧត្តមក្រុមប្រឹក្សា ចូលរួមផ្តល់យោបល់ដល់នាយករដ្ឋមន្ត្រីចំពោះភាពអសកម្ម ឬបទរំលោភណាមួយរបស់មន្ត្រី ឬនាយករដ្ឋមន្ត្រី។ ៤.ការបង្កើត ឧត្តមក្រុមប្រឹក្សានេះ គឺតាមរយៈព្រះរាជក្រឹត្យ។ ជាគោលការណ៍ប្រមុខរាជរដ្ឋាភិបាល នឹងជួបជាមួយសមាសភាព នៃសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានសមាសភាពមកពីគណបក្សនានា នៅរៀងរាល់៦ខែម្ដង។
លោក វ៉ា គឹមហុង ក្រោយពីទទួលបានបទបញ្ជា និងទោះបីមិនទាន់ចុះពិនិត្យភ្លាមៗតាមបញ្ជាសម្តេចនាយករដ្ឋមន្រ្តី ដោយរង់ចាំអាជ្ញាធរខេត្តស្រង់ស្ថិតិប្រជាជន ដែលពាក់ព័ន្ធ ប៉ុន្តែ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីចុះពិនិត្យដោយផ្ទាល់ជាក់ស្តែងនៅទីកន្លែង គណៈកម្មការកិច្ចការព្រំដែនកម្ពុជា ពុំបានរកឃើញចំណុច ដែលបាត់បង់ដីទៅខាងវៀតណាម ដូចដែលក្រុមអ្នកប្រឆាំងយកឈ្មោះពលរដ្ឋជាខែលនយោបាយអះអាងនោះទេ។ លោក វ៉ា គឹមហុង អ្នកទទួលខុសត្រូវបញ្ហាកិច្ចការព្រំដែន បានប្រាប់អ្នកសារព័ត៌មានជាច្រើនដែលតាមដានកិច្ចការព្រំដែនថា គោលដៅបេសកម្មរបស់លោកនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចាប់ពីបង្គោលព្រំដែនលេខ១១៤ដល់លេខ១១៩ដើម្បីសាកសួរប្រជាពលរដ្ឋឱ្យដឹងការពិត ពីការអះអាងថា មានការបាត់បង់ដីរបស់ពួកគាត់ ក្រោយការបោះបង្គោលព្រំដែន ដើម្បីឈានទៅរកដំណោះស្រាយចំពោះពួកគាត់ តាមបញ្ជាសម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន។ លោកវ៉ា គឹមហុង បញ្ជាក់ថាក្នុងចំណោមប្រជាពលរដ្ឋ១១គ្រួសារ ដែលលោកបានជួបសំណេះសំណាល និងសាកសួរផ្ទាល់ ពុំមានគ្រួសារណាមួយបាត់បង់ដីនោះទេ ប៉ុន្តែ ពួកគាត់ចាញ់បោកឃោសនាឈ្មួញនយោបាយមកពីគណបក្សប្រឆាំង ឈ្មោះ រ៉ុង ឈុន ។ លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មការកិច្ចការព្រំដែនកម្ពុជា ដែលបានចុះជួបសំណេះសំណាលប្រជាពលរដ្ឋជាមួយលោក វ៉ា គឹមហុង បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រីថា គ្រប់ចម្លើយរបស់ពលរដ្ឋដែលបានសួរអំពីបញ្ហាព្រំដែនពួកគេសុទ្ឋតែបានអះអាងថា ពុំមានបាត់ដីទៅវៀតណាមទេ។ លោកស្រី កុយ ពិសី អះអាងថា ប្រជាពលរដ្ឋបានប្រាប់លោកស្រីថា អ្វីដែលពួកគាត់ទៅចូលរួមជាមួយពួកអគតិកន្លងទៅ ដោយសារពួកអគតិបានសន្យាថា នឹងជួយតវ៉ាយក ឬសុំដី ដែលកម្ពុជាទទួលបាន បន្ទាប់ពីការបញ្ចប់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែននៅតំបន់នោះឱ្យពួកគាត់បានអាស្រ័យផលទៅថ្ងៃមុខតែប៉ុណ្ណោះ ។
លោកស្រីកុយ ពិសី ស្នើឱ្យប្រជាពលរដ្ឋកុំនិយាយខុសពីការពិត ឬជឿលើការឃោសនាបំភ្លៃរបស់អ្នកនយោបាយ ហើយមាក់ងាយ ប្រមាថដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការងារបោះបង្គោលព្រំដែន ក៏ដូចជាការងារផ្សេងៗទៀត ព្រោះកម្ពុជាមិនបានបាត់ដីដោយសារការបោះបង្គោលព្រំដែនដូចការលើកឡើងរបស់អ្នកនយោបាយប្រឆាំង ដែលបង្ករចលាចលទេ ។ ស្រី្តម្នាក់ ដែលបានជួបសំណេះសំណាលជាមួយអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន ឈ្មោះ ហាក់ ម៉ៃហ៊ន រស់នៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ បានប្រាប់សារព័ត៌មាន Fresh News នៅថ្ងៃនោះថា អ្នកស្រីពិតជាបានជួប លោក រ៉ុង ឈុន កាលពីខែកក្កដា ឆ្នាំ២០២០ ប៉ុន្តែ ពេលជួបនោះ អ្នកស្រីមិនបាននិយាយថា បាត់ដីនោះទេ ព្រោះដីរបស់អ្នកស្រីស្ថិតនៅខាងលិចខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ដែលដីនេះ មិនបានបាត់ដូចលោករ៉ុង ឈុន ថ្លែងការណ៍នោះទេ ។ ពលរដ្ឋម្នាក់ទៀតឈ្មោះ ផានី ក៏បានអះអាងប្រាប់អ្នកកាសែតដែរថា ខ្លួនមិនបានបាត់ដី ដូចការប្រកាសរបស់បុគ្គលឈ្មោះ រ៉ុង ឈុនដែរ។ លោក ឈា ធួន រស់នៅភូមិឃុំខាងលើ ដែលធ្លាប់បានចូលរួមតវ៉ាទាមទារដីជាមួយយុទ្ធនាការរបស់អ្នកជំនួញនយោបាយ រ៉ុង ឈុន នៅតំបន់ព្រំដែននេះ បានបញ្ជាក់ថា លោកមិនមានដីនៅតំបន់ព្រំដែន ដែលរ៉ុង ឈុន ប្រកាសថាបាត់នេះទេ ប៉ុន្តែបងប្អូនរបស់លោកមានដីនៅតំបន់ព្រំដែននេះ ប៉ុន្តែដីរបស់បងលោកមិនបានបាត់បង់ដូចការអះអាងរបស់ពួកឈ្មួញនយោបាយ ឡើយ។ គួររម្លឹកផងដែរថា កាលពីចុងខែសីហា ឆ្នាំ២០២០ រាជរដ្ឋាភិបាល បានប្រគល់ផែនទីខ្នាត១លើ២៥០០០ ទៅក្រុមការងារបោះបង្គោលព្រំដែន ដើម្បីប្រើប្រាស់ជាផ្លូវការ និងផ្តល់ភាពងាយស្រួលដល់ក្រុមការងារទៀតផង។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ទម្រាំមានការឯកភាពគ្នាលើផែនទីខ្នាត១/២៥.០០០នេះ រាជរដ្ឋាភិបាល មានការលំបាកខ្លាំងណាស់ ដោយត្រូវឆ្លងកាត់នីតិវិធីផ្លូវច្បាប់ទាំងអស់ ដើម្បីទទួលបានការអនុម័តយល់ព្រមពីរដ្ឋសភា ព្រឹទ្ធសភា និងការឡាយព្រះហស្តពីព្រះមហាក្សត្រ ។ ទោះជាយ៉ាងណា ឧបសគ្គនៃការវាស់វែងព្រំដែននៅតែកើតមាន ដែលទាមទារឱ្យភាគីទាំង២ ជួបពិភាក្សាគ្នាជាបន្តបន្ទាប់។ ដោយសារការខ្វែងគំនិតមិនឯកភាពលើចំណុចមួយចំនួន នៅដើមខែវិច្ឆិកា ឆ្នាំ២០២០ គណៈកម្មការអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន គ្រោងស្នើទៅប្រទេសបារាំង ដែលជាអតីតអាណាព្យាបាល និងជាអ្នកគូសផែនទីឱ្យចូលមកជួយអន្តរាគមន៍ ដើម្បីបញ្ចប់បញ្ហា នៃការបោះបង្គោលព្រំដែនជាមួយវៀតណាម។ ក្នុងឱកាសឡើងការពារសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក វ៉ា គឹមហុងមានប្រសាសន៍ថា ការកំណត់ខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម ដែលនៅសេសសល់ គឺស្ថិតក្នុងចំណុច និងតំបន់ចំនួន៨ ក្នុងនោះរួមមាននៅតំបន់ព្រំដែនជាប់ខេត្តកណ្តាល តំបន់ដីសណ្តទន្លេមេគង្គ និងទន្លេបាសាក់ ដោយភាគីវៀតណាមទាមទារនូវលក្ខខណ្ឌថ្មី ដែលផ្ទុយពីលក្ខខណ្ឌខ្សែបន្ទាត់ខណ្ឌសីមា និងបង្គោលព្រំដែនឆ្នាំ១៩៣៥។ លោកវ៉ា គឹមហុង អះអាងថា ភាគីកម្ពុជា និងវៀតណាម នៅប្រទាំងប្រទើសគ្នាទាំងផ្នែកច្បាប់ និងបច្ចេកទេស ក្នុងការកំណត់ខណ្ឌសីមា និងបង្គោលព្រំដែននៅសេសសល់ចំនួន១៦%ទៀត ដែលទាមទារឱ្យភាគីពីប្រទេសបារាំងមកជួយបណ្តុះបណ្តាល ដើម្បីឈានទៅដល់ការបញ្ចប់ឱ្យបាន១០០% ក្នុងពេលដ៏ឆាប់បំផុត ។
ខ្លឹមសារក្នុងពិធីសារបង្ហាញថា មេដឹកនាំ នៃប្រទេសទាំងពីរបានទទួលស្គាល់ការខណ្ឌសីមាព្រំដែនបាន ប្រវែង១.០៤៥គីឡូម៉ែត្រ និងបោះបង្គោលព្រំដែនសរុប៣.០៤៧បង្គោលនៅលើដី និងនៅលើផែនទី ក្នុងនោះការបោះបង្គោលព្រំដែនធំបានចំនួន៣១៥បង្គោល បង្គោលខណ្ឌសីមាព្រំដែនបានចំនួន១.៥១១បង្គោល បង្គោលតម្រុយព្រំដែនបានចំនួន២២១បង្គោល និងចំណុចពិសេសចំនួន១.០០០។ មួយឆ្នាំក្រោយមកនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្ដីពីលទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយពីចម្ងាយ រវាងកម្ពុជា និងវៀតណាម លើកទី៧។ ក្រុមការងារព្រំដែនកម្ពុជា និងវៀតណាម បានឯកភាពគ្នាក្នុងការពន្លឿនការងារព្រំដែនគោក ដែលនៅសេសសល់១៦%ទៀត ដែលមិនទាន់បានបោះបង្គោលព្រំដែន។ ការឯកភាពគ្នារវាងភាគីទាំងពីរធ្វើឡើងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ដែលភាគីកម្ពុជាដឹកនាំដោយលោកស្រីបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងភាគីវៀតណាម ដឹកនាំដោយលោក ង្វៀន គួកហ្ស៊ុង អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ គេនៅចាំថា កាលពីចុងខែឧសភា ឆ្នាំ២០២២ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនខ្មែររស់នៅទ្វីបអឺរ៉ុប សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាសាធារណៈថា រហូតមកដល់ពេលនេះ ក្រុមការងារព្រំដែនកម្ពុជា និងវៀតណាម បានចរចា និងព្រមព្រៀងបោះបង្គោលព្រំដែន៦%បន្ថែមទៀត ក្នុងចំណោម១៦% ដែលប្រទេសទាំងពីរ មិនទាន់ឯកភាពគ្នា ។ ការព្រមព្រៀង៦%នេះ អាចនឹងចុះហត្ថលេខា ក្នុងពេលសម្តេចអញ្ជើញនាយករដ្ឋមន្ត្រីវៀតណាម មកបំពេញទស្សនកិច្ច នៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ពលរដ្ឋខ្មែរនៅតំបន់អឺរ៉ុបដែរថា កម្ពុជាមិនបានកាត់ដីឱ្យវៀតណាមដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ ព្រោះប្រសិនបើកម្ពុជាកាត់ដីឱ្យវៀតណាម សម្តេចមិនចាំបាច់ប្រឹងប្រែងចរចា រកដំណោះស្រាយទេ ព្រោះគង់តែកាត់ដីឱ្យគេដដែល។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចគ្មានសិទ្ធិកាត់ទឹកដីឱ្យទៅបរទេសណាមួយទេ ហើយសម្តេចបានស្នើឱ្យពលរដ្ឋខ្មែរ ដែលរស់នៅអឺរ៉ុប កុំជឿសម្តេចរឿងព្រំដែន តែត្រូវសាកសួរមកកាន់ប្រជាពលរដ្ឋ ដែលរស់នៅកម្ពុជា ហើយសាកល្បងឱ្យពួកគាត់ទៅកាន់ព្រំដែន រួចទូរស័ព្ទរកគ្នា បើកទូរសព្ទឱ្យឃើញរូបភាពនៅព្រំដែន ថាតើកម្ពុជាបានកាត់ដីឱ្យវៀតណាម ដូចគេលើកឡើងឬយ៉ាងណា? សម្តេចតេជោ បញ្ជាក់ថា ក្រោយការបញ្ចប់សង្គ្រាមទាំងស្រុងឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលដៅសំខាន់ចំនួន២ ទី១ ប្រែក្លាយទឹកដីអតីតសមរភូមិសង្គ្រាម ឱ្យទៅជាតំបន់ការអភិវឌ្ឍ និងទី២ ប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្ដិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ សម្តេចតេជោហ៊ុន សែន បានបន្ថែមថា បច្ចុប្បន្ននេះ គោលដៅទី១ ការប្រែក្លាយពីតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍ បានសម្រេចរហូតដល់៩៥% ហើយ៥%ទៀត ដែលនៅសល់គឺស្ថិតក្នុងតំបន់ដែលមានមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលរាជរដ្ឋាភិបាលកំពុងដោះស្រាយដើម្បីបញ្ចប់កម្ពុជាគ្មានមីននៅឆ្នាំ២០២៥ផងដែរ ។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានហ្វ្រេសញូវ ស្តីពីទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ថ្ងៃទី២៤ ខែមិថុនា ក្នុងខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរកម្ពុជា-វៀតណាម (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២២) និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម២០២២ ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន មានប្រសាសន៍ថា យើងត្រូវជំរុញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន៦%បន្ថែមទៀត ដែលថ្នាក់ដឹកនាំកម្ពុជា-វៀតណាមឯកភាពគ្នារួចមកហើយនោះ ឱ្យសម្រេចជោគជ័យឆាប់ៗខាងមុខ ។ លោកប្រាក់ សុខុន បញ្ជាក់ថា បញ្ហាព្រំដែនចំនួន១៦%ទៀត ដែលមិនទាន់បានកំណត់ខណ្ឌសីមា និងបោះបង្គោល នៅតែជាការងារអាទិភាពសម្រាប់ប្រទេសទាំងពីរ។ មួយខែក្រោយមកទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ដូ វ៉ាន់ជៀន លេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ក៏បានឯកភាពគ្នាក្នុងការជំរុញការបោះបង្គោលព្រំដែននៅសល់១៦%ទៀតដែរ។
ការឯកភាពគ្នានេះធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យគណៈប្រតិភូមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយលោក ដូ វ៉ាន់ជៀន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅលើទំនាក់ទំនងទ្វេភាគី ក្នុងឱកាសខួបទី៥៥ឆ្នាំ នៃទំនាក់ទំនង ការកសាងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅវិមានសន្តិភាព ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ។ ទោះយ៉ាងណា ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅទ្វីបអឺរ៉ុប ក្នុងទីក្រុងហ្សូរិក ប្រទេសស្វ៊ីស កាលពីថ្ងៃទី២១ ខែឧសភា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ថ្ងៃមុនសម្តេចបានមានប្រសាសន៍ជាមួយពលរដ្ឋខ្មែរនៅវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បន្ទាប់ពីជួបនាយករដ្ឋមន្ត្រីវៀតណាមថា ការងារបោះបង្គោលព្រំដែន គឺសម្រេចបាន៨៤% ប៉ុន្ដែថ្មីៗនេះ គណៈកម្មការព្រំដែន នៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាលើ៦%ទៀត។ ដូច្នេះ ជាលទ្ធផល ការងារបោះបង្គោលព្រំដែន គឺសម្រេចបាន៩០% ដោយរង់ចាំតែការសម្រេច និងចុះហត្ថលេខាទទួលស្គាល់ពីមេដឹកនាំពីប្រទេសទាំងពីរប៉ុណ្ណោះ ។ ប្រសាសន៍របស់សម្តេច ហ៊ុន សែន ត្រូវបានគាំទ្រដោយលោក វ៉ា គីមហុង ដែលប្រាប់ក្រុមអ្នកសារព័ត៌មានថា ការងារបោះបង្គោលព្រំដែនសម្រេចបាន៩០% នៅសល់តែ១០%ប៉ុណ្ណោះការងារបោះបង្គោលព្រំដែននឹងត្រូវបញ្ចប់ជាស្ថាពរ ។ នៅចុងខែកញ្ញា ឆ្នាំ២០២២ ពីទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចតេជោ នាយករដ្ឋមន្រ្តីហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួនរបស់សម្តេចដោយមោទនភាពថា ពាក់ព័ន្ធបញ្ហាព្រំដែន គឺសម្តេច និងមេដឹកនាំវៀតណាមបានឯកភាពគ្នា បន្ថែមទៀតក្នុងការបន្តដោះស្រាយការងារមួយចំនួន ដែលនៅសេសសល់ ជាពិសេសលើបញ្ហាបោះបង្គោលព្រំដែន នៃប្រទេសទាំងពីរ ដែលនឹងត្រូវដោះស្រាយឱ្យបានឆាប់ ។
លទ្ធផលនេះ កើតឡើងបន្ទាប់ពីជំនួបអាហារពេលព្រឹកនៅទីក្រុងតូក្យូ រវាងសម្តេចនាយករដ្ឋមន្រ្តី និងលោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋវៀតណាម កាលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ។ ១.២ ការបោះបង្គោលព្រំដែនជាមួយថៃព្រះរាជាណាចក្រកម្ពុជា និងថៃ ជាប្រទេសជាប់ព្រំដែនគ្នា តាំងពីយូរលង់ណាស់មកហើយ ហើយក៏ធ្លាប់មានរឿងអាស្រូវព្រំដែនជាញឹកញាប់ផងដែរ។ នៅចុងទសវត្សរ៍១៩៥០ ថៃ ដែលអតីតឈ្មោះថាសៀម ត្រូវបានកម្ពុជា ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ពីការដែលសៀមបញ្ជូនឆ្មាំព្រំដែនឱ្យឡើងមកកាន់កាប់ប្រាសាទព្រះវិហាររបស់កម្ពុជាដោយខុសច្បាប់ ហើយជាលទ្ធផល នៅពាក់កណ្តាលឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចឱ្យកម្ពុជា ឈ្នះលើរឿងក្តីនេះ គឺ កម្ពុជា ជាម្ចាស់កម្មសិទ្ធិ នៃប្រាសាទ និងទឹកដីតំបន់ប្រាសាទព្រះវិហារ ។ នៅអំឡុងឆ្នាំ១៩៧២ ខណៈកម្ពុជា កំពុងធ្លាក់ចូលក្នុងភ្លើងសង្រ្គាមដ៏រន្ធត់ យន្តហោះកងទ័ពអាកាសរបស់សៀម បានហោះឆ្លងចូលក្នុងដែនដីកម្ពុជា ជាច្រើនលើក ថែមទាំងបានទម្លាក់គ្រាប់បែកទៀតផង ។ ក្រោយមក បន្ទាប់ពីកម្ពុជា ត្រូវបានរំដោះចេញឱ្យរួចផុត ពីរបបដ៏ឃោរឃៅ ប៉ុល ពត ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៣ យន្តហោះកងទ័ពថៃ ត្រូវបានរាយការណ៍ថា បានហោះចូលដែនដីដោយខុសច្បាប់ មានទាំងការទម្លាក់គ្រាប់បែក តាមបន្ទាត់ព្រំដែនកម្ពុជាភាគខាងលិច និងដែនទឹកម្ពុជារាប់រយលើក ។ ប៉ុន្តែ បន្ទាប់ពីនោះ ពុំមានរបាយការណ៍បន្ថែមទៀតស្តីពីការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាទេ រហូតដល់ឆ្នាំ២០០៨ ក្រោយពេលប្រាសាទព្រះវិហារកម្ពុជា ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ថៃក៏ចាប់ផ្តើមបង្កជម្លោះជាថ្មីជាមួយកម្ពុជា តាមរយៈបញ្ជូនសង្ឃ អាចារ្យ និងដូនជីក្លែងក្លាយឱ្យមកអុកឡុកនៅវត្ត កែវសិក្ខាគិរីស្វរៈ។
ព្រះសង្ឃ អាចារ្យ និងដូនជី ត្រូវបានរាយការណ៍ថា គឺជាទាហានឈុតខ្មៅថៃ ដែលកោរសក់ ដើម្បីបន្លំចូលមកនៅវត្តកែវសិក្ខាគិរីស្វរៈ ។ វិវាទបានវិវត្តកាន់តែធ្ងន់ទៅៗ រហូតក្លាយជាការប្រឈមមុខគ្នាដោយអាវុធ និងឈានដល់ការផ្ទុះអាវុធដាក់គ្នាជាបន្តបន្ទាប់បណ្តាលឱ្យមានកងទ័ពស្លាប់ និងរបួសទាំងពីរខាង រហូតកម្ពុជាដាក់ពាក្យបណ្តឹងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបកស្រាយសាលដីកាឆ្នាំ១៩៦២ឡើងវិញ។ កម្ពុជាបានដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ បន្ទាប់ពីមានការផ្ទុះអាវុធទ្រង់ទ្រាយធំបង្កឡើងដោយភាគីថៃ កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧ កុម្ភៈ ២០១១។ ការផ្ទុះអាវុធនេះ ប្រាសាទព្រះវិហារទទួលរង នូវការផ្លោងកាំភ្លើងធំរបស់ទាហានថៃចំនួន៤១៤គ្រាប់ បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត ។ ទីបំផុត នៅដើមខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចឱ្យកម្ពុជាឈ្នះក្តីជាថ្មី ដោយតម្រូវឱ្យភាគីថៃដកកងទ័ពពីតំបន់ជម្លោះ។ សាលដីកានៅតែអះអាងថា ប្រាសាទ និងទឹកដីក្នុងតំបន់ប្រាសាទព្រះវិហារ ស្ថិតក្នុងអធិបតេយ្យភាពរបស់កម្ពុជា ។ សាលដីកា ក៏បង្គាប់ផងដែរ ឱ្យមានការដកកងទ័ពចេញពីតំបន់គ្មានកងទ័ព ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍ នៃអង្គការយូណេស្កូ។ ឆ្នាំ២០១២ ខណៈកម្ពុជា ធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានព្រមព្រៀងគ្នា ក្នុងការកែសម្រួលកងទ័ពនៅតំបន់គ្មានកងទ័ព ខណៈកាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១២ ភាគីទាំងពីរ កម្ពុជា ថៃ បានព្រមព្រៀងក្នុងការរុករក ដើម្បីកំណត់ និងបន្តបោះបង្គោលព្រំដែនបន្ថែមទៀត ។ លោក វ៉ា គឹមហុង បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ថា ក្រុមបច្ចេកទេស នៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាលើចំណុចធំៗចំនួន៣។
ទី១.ការរុករកបង្គោលព្រំដែននៅច្រកជាំស្រងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ពីបង្គោលលេខ១ ដល់បង្គោលលេខ២៣ ជិតប្រាសាទតាមាន់ ។ ភាគីទាំងពីរបានឯកភាពគ្នា ហើយក្រុមកិច្ចការជំនាញចម្រុះ ចុះទៅធ្វើកិច្ចការនេះ បន្ទាប់ពីភាគីទាំងពីរ ធ្វើកិច្ចការនៅច្រកស្ទឹងបត់។ ភាគីទាំងពីរបានយល់ព្រមបញ្ជូនអ្នកបច្ចេកទេសចម្រុះ ចុះពិនិត្យទីតាំងជាក់ស្តែង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១២ ដើម្បីបើកច្រកព្រំដែនស្ទឹងបត់ ក្នុងខេត្តបន្ទាយមានជ័យ ។ ទី២.កម្ពុជា-ថៃ បានឯកភាពគ្នារកប្រទេសទី៣ ថតរូបភាពពីលើអាកាស សម្រាប់ធ្វើផែនទីខ្នាតធំលើតំបន់ព្រំដែន។ ទី៣.កម្ពុជា-ថៃ បានឯកភាពពិនិត្យលើឯកសារទាំងឡាយ ដែលភាគីទាំងពីរបានរកឃើញបង្គោលចំនួន៤៨ ក្នុងចំណោម ៧៣ បង្គោល។ ដើម្បីសម្រួលការងារកិច្ចការព្រំដែន នៅថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៥ ប្រមុខរាជរដ្ឋាភិបាលសម្តេចេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយ បង្កើតគណៈកម្មាចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនជាមួយនឹងប្រទេសថៃ វៀតណាម និងឡាវ។ គណៈកម្មការចម្រុះនេះ មានភារកិច្ចដោះស្រាយបញ្ហា និងពង្រឹងព្រំដែនជាមួយប្រទេសជិតខាងរបស់កម្ពុជាទាំង៣ គឺប្រទេសវៀតណាម ឡាវ និងថៃ ។ នៅចុងខែឧសភា ឆ្នាំ២០២០ ក្រុមការងារកងទ័ពព្រំដែនកម្ពុជា ថៃ បានឱ្យដឹងថា ក្រុមការងារបច្ចេកទេសវាស់វែង នៃប្រទេសទាំង២ បានព្រមព្រៀងគ្នាលើគោលដៅទី១ គឺសាងសង់បង្គោលប្រឹថពីវិភាគ (GPS NETWORK 02-15) នៅចំណុចបង្គោលសីមាលេខ១៤UA(៦០២១៥-៩៣១២៧) ស្ថិតនៅទល់មុខភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។
ជាមួយគ្នានេះដែរ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាសាងសង់បង្គោលប្រឹថពីវិភាគ(GPS NETWORK 02-24) នៅចំណុច UA(០៦៧៧៨-៨៤៨០៧ ទល់មុខភូមិជប់គគីរ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យផងដែរ។ នៅពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារ បោះបង្គោលព្រំដែន នៃគណៈកម្មាធិការកិច្ចការព្រំដែន កម្ពុជា ថៃ បានបន្តចុះបោះបង្គោលប្រឹថពីវិភាគ នៃនិយាមភូមិសាស្ត្រ (G.P.S ) នៅខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា និងខេត្តស្រះកែវ នៃប្រទេសថៃ ។ ក្នុងនោះ នៅគោលដៅភូមិសាស្ត្រស្រុកថ្មពួក ឈមនឹងស្រុកតាប្រាយ៉ា បានបោះបង្គោលប្រឹថពីវិភាគ នៃនិយាមភូមិសាស្ត្រ (G.P.S ) បានចំនួន ៤ បង្គោល គឺនៅបង្គោលព្រំដែនលេខ ៣៧ – ៣៨ – ៣៩ និងលេខ ៤០ ក្នុងភូមិសាស្ដ្រប៉ុស្ដិ៍ភ្នំប្រាក់ ភូមិក្ដិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ឈមគ្នានឹងឃុំ/ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។ នៅដើមខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានអមដំណើរ លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណ:កម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ដើម្បីចុះពិនិត្យទីតាំងប្រវត្តិសាស្រ្តយោធា បង្គោលព្រំដែនកម្ពុជា-ថៃ។ នៅដើមខែកញ្ញា ឆ្នាំ២០២២ លោកស្រី Sirichan Ngathong អ្នកនាំពាក្យក្រសួងការពារជាតិថៃ បានអះអាងថា ការបោះបង្គោលព្រំដែនកម្ពុជា-ថៃ កាន់តែមានភាពច្បាស់លាស់ ។
លោកស្រីលើកឡើងថា អាជ្ញាធរព្រំដែន នៃប្រទេសទាំងពីរ បានចុះវាស់វែងទីតាំងបោះបង្គោលព្រំដែន ដូចដែលបានព្រមព្រៀងគ្នាក្នុងអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការវាស់វែងដីធ្លី និងការបោះបង្គោលព្រំដែន ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០០៤ ខណៈបច្ចុប្បន្នតំបន់ព្រំដែនចំនួន១៣ ត្រូវបានភាគីទាំងពីរឯកភាពគ្នា និងបោះបង្គោល រួចរាល់ ដោយ១១ ទៀតកំពុងចរចា។ លោកស្រី បានប្រាប់សារព័ត៌មានបាងកកប៉ុស្តិ៍ថា ទោះយ៉ាងណាប្រទេសថៃ និងកម្ពុជា កំពុងធ្វើការរួមគ្នា ដើម្បីបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរឱ្យបានរួចរាល់តាមការគ្រោងទុក។ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្នុងជំនួបជាមួយ លោក ឆឺតគៀត អាត់ថាកន ឯកអគ្គរដ្ឋរាជទូតថៃថ្មីប្រចាំកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឯកភាពជំរុញឱ្យគណៈកម្មការព្រំដែនរួម ដើម្បីរៀបចំពិនិត្យបង្គោលព្រំដែន និងបោះបង្គោលព្រំដែន ព្រមទាំងការដោះមីនចេញពីព្រំដែន ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជន នៃប្រទេសទាំងពីរ ក្នុងការចេញចូលរកទទួលទាន។ ជាពិសេសការបើកច្រកព្រំដែនស្ទឹងបត់ គឺត្រូវធ្វើឱ្យបានលឿន ហើយច្រកផ្សេងៗទៀត ក៏ត្រូវជំរុញបើកដោយពុំចាំបាច់រង់ចាំកាលកំណត់ ។ យោងតាងមរបាយការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០១៧ គណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា បានសហការជាមួយគណៈកម្មាធិការចម្រុះព្រំដែនឡាវ-វៀតណាម និងថៃ ដោយបានឯកភាពគ្នាបោះបង្គោលព្រំដែនបានចំនួន៤៧៩ និងនៅសល់ចំនួន២៦បង្គោលទៀតមិនទាន់ឯកភាពគ្នា។
សម្រាប់កិច្ចសហការជាមួយភាគីកម្ពុជា-ថៃ បានស្វែងរក និងកំណត់ទីតាំងបង្គោលព្រំដែនចាស់ ដែលបានបោះដោយអាណានិគមបារាំង-សៀម បានចំនួន៧០បង្គោលលើបង្គោលសរុប៧៣ ដែលចំនួននេះ ភាគីទាំងពីរបានឯកភាពគ្នាទទួលយកចំនួន៤៤បង្គោល និងមិនឯកភាពចំនួន២៦បង្គោល និងសម្រេចចាប់ផ្តើមសាងសង់ស្ពាននៅស្ទឹងបត់ ខេត្តបន្ទាយមានជ័យ និងបានណងអៀន ខេត្តស្រះកែវ ។ ១.៣ ការបោះបង្គោលព្រំដែនជាមួយឡាវសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គឺជាប្រទេសជិតខាងកម្ពុជា ដ៏យូរលង់ណាស់មកហើយ ហើយកម្រនឹងមានរឿងអាស្រូវនឹងគ្នាទៀតផង ប៉ុន្តែ នៅអំឡុងឆ្នាំ២០១៧ វិវាទដ៏កម្រក៏បានកើតឡើងនៅបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ កម្ពុជា ឡាវ។ វិវាទបានបង្កឱ្យមានការប្រឈមមុខគ្នាដោយអាវុធ ទោះបីប្រទេសទាំងពីរធ្លាប់មានភាពល្អូកល្អឺន ក្នុងការបោះបង្គោលព្រំដែន រួមគ្នាក៏ដោយ។ តាមរបាយការណ៍ នៃកិច្ចប្រជុំលើកទី៦ រវាងឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី ជាមួយ លោក ប៊ុនគៀត សាំងស៊ុមសាក់ (Bounkeat Sangsomsak) អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានគណៈប្រតិភូកិច្ចការព្រំដែនប្រទេសឡាវ នៅចុងខែកុម្ភៈឆ្នាំ២០១៤ បានឱ្យដឹងថា កម្ពុជា-ឡាវ បានបោះបង្គោលព្រំដែនជាស្ថាពរបានចំនួន១២១បង្គោល ក្នុងចំណោមចំនួនសរុប១៤៥បង្គោល ស្មើនឹង៨១% ហើយបង្គោលនៅសល់១៩%ទៀត ប្រទេសទាំងពីរនឹងបង្កើតក្រុមការងារចុះត្រួតពិនិត្យលើដីជាក់ស្តែង ដើម្បីដោះស្រាយភាពរាំងស្ទះឱ្យបានរួចរាល់ក្នុងពេលឆាប់ៗ ។
ក្នុងជំនួបជាមួយសម្តេចពញាចក្រីហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅចុងខែកញ្ញា ឆ្នាំ២០១៤ ឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា លោក ប្រាសិដ្ឋ សាយាសិដ្ឋ (Mr. Prasith SAYASITH) ជម្រាបជូនសម្តេច ថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានរួមគ្នាបោះបង្គោលព្រំដែនទ្វេរភាគីបានចំនួន១២១បង្គោល លើផ្ទៃដីប្រវែង៤៨៥គីឡូម៉ែត្រ។ ចំពោះបង្គោល ដែលនៅសេសសល់មួយចំនួនទៀត គណៈកម្មការជំនាញ នៃប្រទេសទាំងពីរនឹងបន្តពិភាក្សាគ្នា ដើម្បីរួមគ្នាសម្រេចឱ្យបានឆាប់រហ័ស ។ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នៅទីស្ដីការគណៈរដ្ឋមន្រ្តី គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ បានបើកកិច្ចប្រជុំវិសាមញ្ញជាមួយគ្នា ដើម្បីពិភាក្សាលើកិច្ចការព្រំដែនរវាងប្រទេសទាំងពីរ ក្រោមវត្តមានលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងលោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យឡាវ ។ លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មការធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានឱ្យដឹងក្រោយកិច្ចប្រជុំថា កម្ពុជា-ឡាវ មានបង្គោលព្រំដែន១៤៥បង្គោល ហើយភាគីទាំងពីរបានបោះសម្រេចចំនួន១២១បង្គោល ស្មើ៨៣%កើន២% នៃការបោះបង្គោលព្រំដែន កាលពីឆ្នាំ២០១៤។
នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ភាគីកម្ពុជា ឡាវ បានជួបពិភាក្សាគ្នាម្តងទៀតនៅវិមានសន្តិភាព នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានព្រមព្រៀងឯកភាពគ្នាចំនួន៤ចំណុច ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែន៖
ទី១. រដ្ឋមន្រ្តីការបរទេស នៃប្រទេសទាំងពីរ នឹងជួបប្រជុំនៅភ្នំពេញ ដើម្បីស្វះស្វែងរកការដោះស្រាយ រកការស្រុះស្រួល និងរកការយោគយល់គ្នា នៅប៉ុន្មានថ្ងៃខាងមុខ។
ទី២.ភាគីឡាវ យល់ព្រមតាមសំណើរបស់កម្ពុជា ក្នុងការពិនិត្យដោះស្រាយ៤ចំណុច ដែលនៅសេសសល់តាមរយៈលិខិត ដែលសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើជូននាយករដ្ឋមន្រ្តីឡាវលោក ថោងលន់ ស៊ីស៊ូលីត។ ទីតាំងដែលត្រូវដោះស្រាយមានចំណុចបង្គោលលេខ០៣៣ លេខ០១៧ តំបន់អូរស្វាយ-វើនខាំ ទីតាំងទី៤ បង្គោលលេខ០៣ ហើយចំណុចទាំងនេះ ត្រូវដោះស្រាយមុនចំណុចអូរតាង៉ាវ ព្រោះចំណុចអូរតាង៉ាវមានការលំបាក។
ទី៣. ភាគីទាំង២ ឯកភាពគ្នាឱ្យគណៈកម្មាធិការព្រំដែន នៃប្រទេសទាំង២ ចុះទៅដោះស្រាយនៅនឹងកន្លែង ចំពោះបញ្ហា ដែលនៅសេសសល់នៅតំបន់អូរតាង៉ាវ។ តាមការឯកភាពគ្នា គឺត្រូវពិនិត្យដីណាជារបស់កម្ពុជា និងដីណាជារបស់ឡាវ គឺត្រូវកំណត់ឱ្យច្បាស់រកឃើញមួយកន្លែង ត្រូវបោះបង្គោលនៅកន្លែងនោះតែម្ដង។
ទី៤.នាយករដ្ឋមន្ដ្រីទាំង២ នឹងសរសេរលិខិតជូនទៅប្រធានាធិបតីបារាំង ដើម្បីជួយផ្ទេរផែនទីពីខ្នាត១/១០០.០០០ មកខ្នាត១/៥០.០០០ និងសុំឲ្យបារាំងផ្ដល់ឯកសារផ្សេងទៀត ដែលទាក់ទងដល់ព្រំដែនកម្ពុជាឡាវ ។ ក្រោយបញ្ចប់ការពិភាក្សាទ្វេភាគី នៅវិមានសន្ដិភាព រយៈពេលជិត២ម៉ោង ក្នុងសន្និសីទសារព័ត៌មានរួមគ្នា លោក ថោងលន់ ស៊ីស៊ូលីត បានបង្ហាញការប្ដេជ្ញាចិត្ត និងជឿជាក់ថា ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំង២ គឺឈរលើមូលដ្ឋានស្មើភាព មិត្តភាព មិនឱ្យខាងណាចំណេញ ឬខាតឡើយ។ លោកនាយករដ្ឋមន្ដ្រីឡាវ ក៏បានសន្យាជាមួយសម្ដេចតេជោ ហ៊ុន សែន ដែរថា នឹងរក្សាឱ្យបាន នូវស្ថិរភាព នៅតាមខ្សែបន្ទាត់ព្រំដែន ព្រមទាំងដោះស្រាយបញ្ចប់បញ្ហា ដែលនៅសេសសល់ ប្រមាណជា១៣-១៤% ដើម្បីទុកជាមរតក ដល់កូនចៅជំនាន់ក្រោយ នៃប្រទេសទាំង២ ។ លោកថោងលន់ ស៊ីស៊ូលីត បញ្ជាក់ផងដែរថា លោក និងសម្ដេចតេជោ ក៏បានឯកភាពគ្នាថា នឹងរក្សាឱ្យមានសន្ដិសុខ និងសន្ដិភាពតាមតំបន់ព្រំដែន ដែលមិនទាន់ដោះស្រាយ ព្រោះបញ្ហានេះមានសារសំខាន់ណាស់ ក្នុងការធ្វើឱ្យតំបន់នោះមានសន្ដិភាព។ របាយការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅចុងខែកុម្ភៈ ឆ្នាំ២០១៨ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០១៧ ក្រសួង និងគណៈកម្មាធិការចម្រុះ ព្រំដែនកម្ពុជា បានសហការជាមួយគណៈកម្មាធិការចម្រុះព្រំដែនឡាវ-វៀតណាម និងថៃ ហើយឯកភាពគ្នាបោះបង្គោលព្រំដែនបានចំនួន៤៧៩ ហើយសម្រាប់កិច្ចការបោះបង្គោលព្រំដែនជាមួយប្រទេសឡាវ ភាគីទាំងពីរបានទទួលលទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានបោះបង្គោលព្រំដែនចំនួន១២១ លើចំនួនសរុប១៤៥បង្គោល មានប្រវែង៤៦៤,៥គីឡូម៉ែត្រ លើ៥៤០គីឡូម៉ែត្រ ស្មើនឹង៨៦% ។
មួយឆ្នាំក្រោយមកគឺនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយសារ ការបោះបង្គោលព្រំដែនកម្ពុជា ឡាវ មានការរីកចម្រើនតិចតួច ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសមួយ ដោយបញ្ជាក់ថា ភាគីទាំងពីរនៅតែបន្តសហការគ្នា ក្នុងការដោះស្រាយបញ្ហាតាមបន្ទាត់ព្រំដែន និងលើកទឹកចិត្តឱ្យក្រសួងការបរទេស នៃប្រទេសទាំងពីរបញ្ចប់សេចក្តីព្រាងបែបបទបច្ចេកទេស(TOR)ឱ្យបានឆាប់ ស្របតាមខ្លឹមសារ នៃលិខិតរួមរបស់នាយករដ្ឋមន្រ្តីទាំងពីរកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ដែលបានផ្ញើជូនប្រធានាធិបតីបារាំង ។ ក្រោយមក នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាទ្វេភាគី នៅវិមានសន្តិភាព សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តីឡាវ បានចេញសេចក្ដីថ្លែងការណ៍រួម គ្នាថា ភាគីទាំងពីរ បានឯកភាពគ្នា ប្រគល់ភារកិច្ចជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន នៃប្រទេសទាំងពីរ ដើម្បីរួមគ្នាព្រាងឱ្យបានឆាប់បំផុត នូវសន្ធិសញ្ញាស្តីពី ការខណ្ឌសីមាព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពាក់ព័ន្ធកំណាត់ព្រំដែន ដែលភាគីទាំងពីរបានកំណត់ខណ្ឌសីមារួចរាល់ហើយចំនួន៨៦% នៃខ្សែព្រំដែនរវាងប្រទេសទាំងពីរ ។
សេចក្តីថ្លែងការណ៍ ក៏បានបញ្ជាក់ផងដែរថា ភាគីទាំងពីរ បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដល់កម្រិតជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ស្មារតីសាមគ្គីភាពជាភាតរៈ និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។ ភាគីទាំងពីរបានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការទីក្រុងសម្ព័ន្ធមេត្រី រវាងរាជធានីភ្នំពេញ និងវៀងច័ន្ទ និងរវាងខេត្តសៀមរាប និងខេត្តចំប៉ាសាក់។ នៅដើមខែកក្កដា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃកិច្ចប្រជុំលើកទី១៤ របស់គណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា ឡាវ (JCBC) ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ដឹកនាំដោយឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ធ្វើជាសហប្រធានជាមួយលោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាលើចំណុចសកម្មភាពជាច្រើន ពាក់ព័ន្ធនឹងកិច្ចការព្រំដែន ជាពិសេសការជំរុញឱ្យភាគីទាំងពីរ ពន្លឿនការបញ្ចប់ការចរចាពាក់ព័ន្ធនឹងផ្នែកមួយ នៃខ្សែព្រំដែន ដែលមិនទាន់បោះបង្គោលចំនួន១៤% ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ ។
នៅក្នុងជំនួបកំពូលទ្វេភាគីរវាងនាយករដ្ឋមន្ត្រីថ្មីរបស់ឡាវ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន និងសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នាវិមានរដ្ឋាភិបាល នៃរដ្ឋធានីវៀងច័ន្ទ នាយករដ្ឋមន្រ្តី នៃប្រទេសទាំងពីរ បានបង្ហាញពីការពេញចិត្តចំពោះលទ្ធផល នៃការបោះបង្គោលព្រំដែនកន្លងមក ដែលសម្រេចបាន១២១បង្គោល ស្មើ៨៦% នៃព្រំដែនរួម។ ប្រមុខដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ ដោយឈរលើមូលដ្ឋានយោគយល់គ្នាទៅវិញទៅមក និងដោយសន្តិវិធី ។ សម្ដេចតេជោបានចាត់ទុកថា ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិប្រទេសទាំងពីរ ដោយមុននេះបន្តិច លោក សនសៃ ស៊ីផាន់ដន និងសម្តេច បានចុះហត្ថលេខាលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរួចហើយ។
