ជំនាញចុះពិនិត្យគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ដើម្បីធានាការសាងសង់ ត្រឹមត្រូវតាមលក្ខណៈបទដ្ឋានបច្ចេកទេស

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារអង្គភាពអនុវត្តគម្រោង (PIU) បានអញ្ជើញចុះត្រួតពិនិត្យបច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលក ក្នុងនោះក៏មានការចូលរួមពីក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ជាច្រើនរូបផងដែរ។
ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលស្ថានភាពសាងសង់ស្ពានក្បាលរមាសថ្មី ត្រង់ចំណុចគីឡូម៉ែត្រលេខ០៤+៧៩១ ព្រមទាំងពិនិត្យមើលស្ថានភាពផ្លូវ ក៏ដូចជាការកាយប្រឡាយរំដោះទឹក ដើម្បីកុំឱ្យមានការប៉ះពាល់ដល់ផ្លូវថ្នល់ផងដែរ។
គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ វឌ្ឍនភាពការងារនៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បានសម្រេចលទ្ធផលការងារសរុបចំនួន ៣៣,៧៤% ហើយ ក្នុងនោះមាន៖ (១) ការងារកាប់ឆ្ការ និងបោសសម្អាត សម្រេចបាន ៥២,៥៧ គ.ម (២) ការងារសាងសង់តួថ្នល់ Sub-grade សម្រេចបាន ៤៩,៨៧ គ.ម និង (៣) ការងារសាងសង់ស្រទាប់គ្រឹះរង Sub-base សម្រេចបាន ៣៧,៦៦ គ.ម៕
