ទាហានមួកខៀវកម្ពុជា ក្នុងបេសកកម្ម UN នៅម៉ាលី ២កង នឹងធ្វើមាតុភូមិនិវត្តន៍ក្នុងខែកញ្ញា និងខែវិច្ឆិកាឆ្នាំនេះ

ភ្នំពេញ៖ យោងតាមតារាងសេចក្តីជូនដំណឹងស្តីពីការធ្វើមាតុភូមិវត្តន៍របស់បញ្ជាការដ្ឋានអង្គការសហបប្រជាជាតិប្រចាំសាធារណរដ្ឋម៉ាលី (MINUSMA) បានឱ្យដឹងថា កងកម្លាំងរក្សាសន្តិភាពចំនួន២៩កងអនុសេនាធំ នឹងចាកចេញពីសាធារណរដ្ឋម៉ាលី ក្នុងអំឡុងខែកញ្ញា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ចំណែកកងកម្លាំងមួកខៀវកម្ពុជាចំនួន២កង នឹងធ្វើមាតុភូមិនិវត្តន៍ នៅដើមខែញ្ញា និងពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។
មូលហេតុនៃការដកចេញនូវបេសកកម្មអង្គការសហប្រជាជាតិពីប្រទេសកំពុងមានសង្គ្រាមស៊ីវិលមួយនេះ ដោយសាររដ្ឋាភិបាលម៉ាលី និងក្រុមនៅក្រៅរដ្ឋាភិបាល បានស្នើរឱ្យUNត្រូវដកកម្លាំងចេញទាំងអស់។ នេះបើយោងតាមសេចក្តីសម្រេចមួយ នៃកិច្ចប្រជុំរវាងតំណាងពិសេស អង្គការសហប្រជាជាតិនិងភាគីរដ្ឋាភិបាលម៉ាលី។
កាលពីថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំគ្នា ក្នុងបរិបទនៃការផុតកំណត់នៃដំណោះស្រាយលេខ2640 (2022) អាណត្តិMINUSMA។ ដោយពិចារណាលើលិខិតរបស់រដ្ឋាភិបាលអន្តរកាលនៃប្រទេសម៉ាលីដែលបានផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខ និងស្នើសុំឱ្យដក MINUSMA ជាបន្ទាន់ ក្រុមប្រឹក្សាសន្តិសុខបានសម្រេចបញ្ចប់អាណត្តិរបស់ MINUSMA ក្រោមដំណោះស្រាយលេខ 2640 (2022) ដែលចូលជាធរមាននៅថ្ងៃនេះ ថ្ងៃទី ៣០ខែមិថុនា ឆ្នាំ ២០២៣។
ក្រុមប្រឹក្សាក៏បានអនុម័តដំណោះស្រាយលេខ 2690 (2023) ដោយអំពាវនាវឱ្យបេសកកម្មចាប់ផ្តើមភ្លាមៗ គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៣ ការបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន ការផ្ទេរភារកិច្ចរបស់ខ្លួន ក៏ដូចជាការកាត់បន្ថយ និងការដកបុគ្គលិករបស់ខ្លួនក្នុងគោលបំណងបញ្ចប់។ ដំណើរការនេះត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៕
