បុរសម្នាក់បើកគ្រឿងចក្ររឡូកិនថ្នល់ជាន់មីនផ្ទុះ បណ្ដាលឱ្យរបួសធ្ងន់ នៅស្រុកអូរជ្រៅ

បន្ទាយមានជ័យ៖ អ្នកបើកគ្រឿងចក្រម្នាក់រងរបួសធ្ងន់ខណៈបើកគ្រឿងចក្រ(រឡូកិនថ្នល់) ជាន់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បណ្តាលឲ្យផ្ទុះ ពេលកំពុងជាន់បង្ហាប់ដីផ្លូវលំមួយកន្លែងស្ថិតនៅចំណុច លើផ្លូវលំចាស់ ខាងកើតផ្សារធំថ្មីអូរបីជាន់ចម្ងាយប្រហែល២៥០ម៉ែត្រភូមិបន្ទាយថ្មីឃុំអូរបីជាន់ ស្រុកអូរជ្រៅ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៤រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ហ៊ីង ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិអូរខៃដន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត អ្នកបើកបរគ្រឿងចក្រ(រឡូកិនថ្នល់) ។
នគរបាលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុមានក្រុមហ៊ុនមួយបានធ្វើ ផ្លូវលំនៅចំណុចខាងកើតផ្សារថ្មីអូរបីជាន់ ពេលនោះអ្នកបើករឡូបានបើកជាន់បង្ហាប់ដីផ្លូវក៏ជាន់ចំគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបណ្តាលឲ្យផ្ទុះរងបួសអ្នកបើកបរ និងខូចខាតគ្រឿងចក្រ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ។ ជនរងគ្រោះត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុននៅស្រុកមង្គលបូរី ។
នគរបាលប៉ុស្តិ៍បានបញ្ជាក់ថា បើតាមការពិនិត្យនៅកន្លែងកើតហេតុ មន្ត្រីជំណាញអង្គភាពហេឡូត្រតាសបានបញ្ជាក់នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះថា៖គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ គឺជាប្រភេទមីនតោនដែលគប់ក្នុងដីតាំងពីសម័យសង្រ្គាម៕
