សម្តេចតេជោ សង្ឃឹមថា ទូតបារាំងនឹងជួយណែនាំឲ្យពលរដ្ឋខ្លួន មកកាន់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ដើម្បីដាក់ផ្កាគោរព វិញ្ញាណក្ខន្ធអ្នកបានបូជាជីវិត កាលពីសង្រ្គាមលោកលើកទី១

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងដោយសង្ឃឹមថា ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សាក់ ប៉ឺឡេ នឹងជួយណែនាំឲ្យពលរដ្ឋបារាំង អញ្ជើញមកលេងកម្សាន្តនៅកម្ពុជា ព្រមទាំងអុជធូប និងដាក់ផ្កាគោរពនូវវិញ្ញាណក្ខន្ធអ្នកដែលបានបូជាជីវិតកាលពីសង្រ្គាមលោកលើកទី១ ទាំង១៩៨នាក់ នៅវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ដែលស្ថិតនៅ ស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស វិថីប្រទេសបារាំង វិថីឧកញ៉ា តេជោ និងរង្វង់មូលកាំភ្លើងកួចកាណុង ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «សង្ឃឹមថា ឯកឧត្តម ហ្សាក់ ប៉ឺឡេ នឹងជួយទាក់ទាញទេសចររបស់បារាំង ឱ្យពួកគេមកកាន់ទីនេះ ដើម្បីដាក់ផ្កាគោរពនូវវិញ្ញាណក្ខន្ធអ្នកដែលបានបូជាជីវិត កាលពីសង្រ្គាមលោកលើកទី១ ហើយនេះគឺជាចំណុចល្អនៃទំនាក់ទំនងរបស់យើងដែលជាផ្នែកមួយនៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន» ៕
