ការយល់ច្បាស់ពីតម្លៃសុខភាព និងការចូលរួមលើកកម្ពស់សុខភាពសិក្សានៅទូទាំងប្រទេស ជាចលករអាទិភាពឆ្ពោះទៅសម្រេច ជោគជ័យទិសដៅអភិវឌ្ឍន៍ជាតិ ២០៣០ និង២០៥០

ភ្នំពេញ៖ ក្រោមម្លប់សន្តិភាពនិងការដឹកនាំប្រកបដោយបញ្ញាញាណរបស់រាជរដ្ឋាភិបាល គោលនយោបាយជាតិស្តីពីសុខភាពសិក្សាត្រូវបានអនុម័តដាក់ឲ្យប្រើប្រាស់ជាធរមាន នាខែមេសា ឆ្នាំ២០១៩ និងបានកំណត់ជាយន្តការគ្រប់គ្រងការប្រតិបត្តិទាំងនៅថ្នាក់ជាតិ រាជធានី ខេត្ត ខណ្ឌ ស្រុក ឃុំ សង្កាត់ រោងចក្រ សហគ្រាស ព្រមទាំងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនគ្រប់កម្រិតភូមិសិក្សា។ ក្នុងនោះ គណៈកម្មាធិការអន្តរវិស័យបានកំណត់ចេញជាផែនការសកម្មភាពជាផែនទីចង្អុលផ្លូវសម្រាប់ការអនុវត្តរយៈពេល១០ឆ្នាំ (២០២១-២០៣០)។
ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការអនុវត្តផែនការសកម្មភាពខាងលើ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា និងជាលេខាធិការដ្ឋាននៃគណៈកម្មាធិការអន្តរវិស័យ សុខភាពសិក្សា បានដំណើរការសិក្ខាសាលាស្តីពី ផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីសុខភាពសិក្សានិងបន្ស៊ីផែនការប្រតិបត្តិប្រចាំឆ្នាំនិងផែនការសកម្មភាពសុខភាពសិក្សានៅតាមគ្រប់ស្ថាប័ន ដែលបាននិងកំពុងប្រារព្វធ្វើក្នុងរយៈពេល២ថ្ងៃ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ដែលមានសិក្ខាកាមចូលរួមចំនួន៦៥នាក់ ដែលជាមន្រ្តីគ្រប់គ្រងនៃរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុកទាំង៨ ថ្នាក់ដឹកនាំមន្ទីរជំនាញចំណុះរដ្ឋបាលខេត្តកំពង់ឆ្នាំង និងការិយាល័យអប់រំ យុវជន និងកីឡាក្រុងស្រុក ព្រមទាំងអង្គភាពរដ្ឋអំណាចកងកម្លាំងប្រដាប់អាវុធ។
ក្នុងពិធីបើកសិក្ខាសាលា លោក រិន សាវ៉េត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តួចផ្តើមកសាងគោលនយោបាយស្តីពីសុខភាពសិក្សា។ លោកបានទទួលស្គាល់ថា អាស្រ័យគោលនយោបាយជាតិស្តីពីសុខភាពសិក្សា ប្រជាជនខេត្តកំពង់ឆ្នាំងបានឆ្លងផុតគ្រោះភ័យបង្កដោយជំងឺកូវីដ-១៩ ការអប់រំផ្តល់ចំណេះដឹងដល់កុមារក៏បានដំណើរការដោយជោគជ័យ មិនតែប៉ុណ្ណោះបរិស្ថានគ្រប់គ្រឹះស្ថានសិក្សាមានការអភិវឌ្ឍបានកាន់តែល្អប្រសើរតាមទិសដៅគ្រឹះស្ថានសិក្សា១ ជាតំបន់សុវត្ថិភាព១។
ក្នុងសុន្ទរកថាបើកសិក្ខាសាលា ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មាធិការអន្តរវិស័យ សុខភាពសិក្សា លោកជំទាវបណ្ឌិត សឿ សុជាតា បានជម្រាបអង្គពិធី ថាដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ជាតិប្រែក្លាយប្រទេសទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍមានចំណូលខ្ពស់នាឆ្នាំ២០៥០ កម្ពុជាចាំបាច់ត្រូវមានធនធានមនុស្សដែលមានសម្បទាទាំង៥រឹងមាំ នោះគឺ ចំណេះសម្បទា បំណិនសម្បទា កាយសម្បទា ចរិយាសម្បទា និងស្មារតីស្នេហាជាតិសម្បទា។ សម្បទាទាំង៥នេះ អាចសម្រេចបាន នោះគឺចាំបាច់ទាមទារការចូលរួមដោយស្មារតីទទួលខុសត្រូវរបស់យើងទាំងអស់គ្នាជាក្រុមការងារ និងមហាជនកម្ពុជាគ្រប់រូប។
លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវអនុសាសន៍ព្រមទាំងសំណូមពរពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ស្តីពីសុខភាពសិក្សា គឺដើម្បីមនុស្សទាំងអស់អាចមានលទ្ធភាពក្លាយជាពលរដ្ឋសកម្មរបស់ជាតិ ជាពលរដ្ឋសកលបាន មនុស្សចាំបាច់ត្រូវមានសុខភាពល្អ។ មនុស្សមានសុខភាពល្អបានទាល់តែមនុស្សស្គាល់ពីតម្លៃសុខភាពនិងយល់ច្បាស់ពីវិធានថែរក្សាសុខភាព ព្រមទាំងចេះស្រឡាញ់សុខភាពរបស់ខ្លួនឯងនិងរបស់មនុស្សជុំវិញខ្លួន។
ឯកឧត្តមក៏បានសំណូមពរដល់គ្រប់ថ្នាក់ដឹកនាំនិងមន្រ្តីប្រតិបត្តិគ្រប់ផ្នែកទាំងអស់មេត្តាយកចិត្តទុកដាក់អនុវត្តតាមផែនការប្រតិបត្តិ១០ឆ្នាំរបស់យើង ដោយបន្ស៊ីនិងបញ្ចូលជាផែនការប្រតិបត្តិប្រចាំឆ្នាំតាមអង្គភាពរៀងខ្លួន និងសូមបំពេញរបាយការណ៍បញ្ជូនមកលេខាធិការដ្ឋានឲ្យបានទាន់ពេលវេលា ដើម្បីយើងអាចមានលទ្ធភាពដោះស្រាយបញ្ហានានាដែលអាចកើតជាយថាហេតុនាំរំខានដល់សុខភាពប្រជាជនយើង។ លោកជំទាវក៏បានសំណូមពរ សិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់ការបង្ហាញពីវិធីបន្ស៊ីផែនការប្រតិបត្តិទៅនឹងផែនការសកម្មភាពសុខភាពសិក្សា និងការរៀបចំយន្តការរបាយការណ៍តាមកាលកំណត់ដែលជំរាបជូនមន្រ្តីជំនាញនៃនាយកដ្ឋានសុខភាពសិក្សា៕
