ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អំពាវនាវប្រជាពលរដ្ឋចេញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអំពាវនាវប្រជាពលរដ្ឋចេញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អតាមរយៈការអនុវត្តសិទ្ធិក្នុងការជ្រើសរើសគណបក្សនយោបាយមួយ ដែលខ្លួនពេញចិត្ត និងសូមគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ស្របតាមលក្ខន្តិកៈ និងគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះនៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខណៈអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិហារឥស្លាម ម៉ាស្ជិទអាល់អាក់ឡា ព្រែកប្រា និងស៊ូរ៉ាវស្ត្រី ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជាមួយគ្នានោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះលោកតាលោកយាយ អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋ ដែលកន្លងមកបានជឿជាក់ និងផ្តល់ទំនុកចិត្តលើ សម្តេចតេជោ និង រាជរដ្ឋាភិបាល ដោយក្នុងដំណាក់កាលដ៏លំបាក និងគ្រោះថ្នាក់បំផុត គឺប្រជាពលរដ្ឋនៅទូទាំងប្រទេស បានស្ម័គ្រចិត្តចូលរួមចាក់វ៉ាក់សាំង ដើម្បីការពារជីវិតពីការឆ្លងរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ ។
ឯកឧត្តម បណ្ឌិតបញ្ជាក់ថា ទិន្នន័យដ៏ច្រើនលើសលប់នៃចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំង គឺបានបង្ហាញអំពីគាំទ្រ និងការជឿជាក់លើការដឹកនាំរបស់ សម្តេចតេជោ ជាពិសេសនៅក្នុងកាលៈទេសៈដែលប្រជាជនមានគ្រោះអាសន្ន និងត្រូវការអ្នកជួយសង្គ្រោះ៕

