សម្តេចតេជោ៖ ឆ្នាំនេះ កម្ពុជា នឹងរៀបចំបុណ្យអុំទូក និងបុណ្យឯករាជ្យជាតិ ខួបលើកទី៧០ឆ្នាំ

ភ្នំពេញ៖ ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល នឹងប្រារព្ធពិធីបុណ្យឯករាជ្យជាតិខួបលើកទី៧០ឆ្នាំ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ។
ក្នុងជំនួបសំណេះសំណាលជាមួយ កម្មករ និយោជិតសរុបប្រមាណ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា «ឆ្នាំនេះសូមបញ្ជាក់ទុកជាមុន ឆ្នាំនេះនឹងត្រូវធ្វើបុណ្យអុំទូកធំនៅទីក្រុងភ្នំពេញ។ បុណ្យធំៗនៅចុងឆ្នាំនេះ នឹងមានពីរ ទី១៖បុណ្យឯករាជ្យជាតិ ខួបលើកទី៧០ឆ្នាំ ត្រូវតែធ្វើធំ, ទី២៖ បុណ្យអុំទូកត្រូវតែធ្វើធំ។ ឆ្នាំកន្លងទៅយើងមិនបានធ្វើដោយសារជាប់ប្រជុំអាស៊ាន រហូតដល់មនុស្សមួយចំនួនគេថា រាជរដ្ឋាភិបាលខ្វះលុយអត់ទេ ពេលនោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេសច្រើនណាស់ មកចូលរួមប្រជុំយើងត្រូវទទួលបន្ទុក» ៕
