ឯកឧត្ដម ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរចំពោះការប្រារព្ធខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ព្រមជាមួយនឹងការបំពាក់គ្រឿងឥស្សរិយយសជូនដល់អ៊ំពូមីងអតីតយុទ្ធជន នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការប្រារព្ធខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ព្រមជាមួយនឹងការបំពាក់គ្រឿងឥស្សរិយយសជូនដល់អ៊ំពូមីងអតីតយុទ្ធជន នៅរាជធានីភ្នំពេញ ទាំង ៦.០០០ រូប ដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជន ដោយនៅក្នុងគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រកន្លងមកនេះ អ៊ំពូមីងអតីតយុទ្ធជន បានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន និងប្រកបដោយទឹកចិត្តស្នេហាជាតិ និងបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីប្តូរយកសន្តិភាព និងភាពសុខសាន្តជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ។
ឯកឧត្ដមមានប្រសាសន៍បែបនេះ នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ ខណៈឯកឧត្តម តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា និងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ។
ជាមួយគ្នានោះឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករឭក ក្នុងមនោសញ្ចេតនាស្រឡាញ់យកចិត្តទុកដាក់ប្រកបដោយភាពកក់ក្តៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះអ៊ំពូមីងអតីតយុទ្ធជនទាំងអស់ និងក៏សូមយកឱកាសនេះ លំឱនកាយគោរពចំពោះវិញ្ញាណក្ខន្ធរបស់យុទ្ធជន យុទ្ធនារី និងប្រជាជនកម្ពុជា ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ។ការលះបង់ និងគុណបំណាច់ដ៏មានតម្លៃធំធេងទាំងនេះ នឹងស្ថិតនៅក្នុងការចងចាំរបស់ប្រជាជន និងយុវជនកម្ពុជាគ្រប់ៗជំនាន់ ដោយមិនអាចបំភ្លេចបានទ្បើយ៕

