ឯកឧត្ដម សក់ សេដ្ឋា អញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកបវេល ចំនួនជាង១ពាន់នាក់

ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសបញ្ចូលសមាជិក សមាជិការថ្មីគណបក្សប្រជាជនកម្ពុជា ស្រុកបវេលចំនួន១៤១០នាក់។
ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីនេះដែរ ក៏មានការអញ្ជើញចូលរួមពីបណ្ដាសមាជិកបក្ស និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ហើយពិធីនេះបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបវេល ខេត្តបាត់ដំបង។
មានប្រសាសន៍ក្នុងឳកាសនោះ ឯកឧត្ដម សក់ សេដ្ឋា បាននាំយកប្រសាសន៍សួរសុខទុកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាជូនបងប្អូនសមាជិក និងប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នា ឯកឧត្ដម សក់ សេដ្ឋា បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងសមាជិកបក្សដែលទើបបញ្ចូលថ្មី អញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់គ្នា ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ជាសម្គាល់។
ទន្ទឹមនិងនោះឯកឧត្ដមប្រធានក្រុមការងារ ក៏បានលើកឡើងដែរថា សន្លឹកឆ្នោតមួយសន្លឹករបស់បងប្អូនពិតជាមានសារៈសំខាន់ណាស់ ពីព្រោះសន្លឹកឆ្នោតរបស់បងប្អូនអាចកំណត់ជោគវាសនារបស់ប្រទេសជាតិបាន ហើយក៏សូមអំពាវនាវឲ្យរក្សាសន្តិភាពដែលរកមកបានដោយលំបាកនេះឲ្យគង់វង្សតរៀងទៅ។
នៅក្នុងពិធីនេះ សមាជិកដែលបានបញ្ចូលថ្មីបានធ្វើការប្ដេជ្ញាចិត្តដូចខាងក្រោម៖
១- ស្មោះត្រង់ និងដើរតាមមាគ៌ានយោបាយរបស់គណបក្សអស់មួយជីវិត។
២- ខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស។
៣- ភ្ជាប់ទំនាក់ទំនងជាមួយប្រជាជន និងចូលរួមឃោសនាផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្ស ច្បាប់របស់រដ្ឋ ដល់ប្រជាជន។
៤- ចូលរួមថែរក្សាសាមគ្គីភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្ស ជានិច្ចជាកាលជួយមតិគ្នាទៅវិញ ទៅមក ដើម្បីការរីកចម្រើន។
៥- ខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធម៌ ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ។
៦- នាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
បន្ថែមពីនេះ សមាជិកដែលបញ្ចូលថ្មីទាំងអស់គ្នា រួមជាមួយសមាជិកគណបក្ស និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកបវេលទាំងមូល នឹងធ្វើសកម្មភាពគ្រប់យ៉ាង ដើម្បីគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យគ្រប់ ការបោះឆ្នោតនានា នៅពេលខាងមុខជាបន្តបន្ទាប់៕

