ស្វែងយល់អំពីរុក្ខជាតិជន្លង់

ភ្នំពេញ៖ ជន្លង់មានឈ្មោះវិទ្យាសាស្ត្រថា Basella alba L. ជារុក្ខជាតិវល្លិ ដែលដុះដោយឯកឯង ឬត្រូវបានគេដាំនៅតាមជាយក្រុង ទីជនបទ ស្រុកស្រែ ចម្ការ ដើម្បី យកត្រួយខ្ចី និងស្លឹកធ្វើជាបន្លែ។ វាមានប្រភពដើមនៅអាស៊ីខាងត្បូងផ្នែកអាគ្នេយ៍ កោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
លក្ខណៈរូបសាស្ត្រ៖ ជាវល្លិ វាររុំព័ទ្ធទ្រើង (twining) ដុះមួយឆ្នាំម្តង។ តួដើមមានប្រវែង៩-១០ម ពណ៌បៃតង-ក្រហម ស្លឹកក្រាស់រលោងរាងបេះដូង ស្រួច ឬមូលនៅចុង។ កញ្ចុំផ្កាជា កួរ ដុះចេញពីគល់ទងស្លឹក។ ផ្កាគ្មានទង ពណ៌ស ក្រហម ឬផ្កាឈូក ត្របក ឬស្រទាប់ផ្កា ជាបំពង់ឆែកលើជា ៥ឡូប (5-lobed) កេសរឈ្មោល៥ កេសរញី១។ ផ្លែ មិនពិតទន់ដូចផ្លែសាច់ (false berrie) មានគ្រាប់តែ១។
លក្ខណៈជីវសាស្ត្រ៖ ស្លឹកមានជាតិរំអិលច្រើន។ គ្រាប់ទុំមានទឹកដម។ រុក្ខជាតិនេះតែងវារតោងឡើងទ្រើង និងវារលើដី មានឫសតាមថ្នាំង ហើយបង្កើតឱ្យមានតួដើមថ្មី នេះជាការបន្តពូជ។ គេច្រើនកាច់ពន្លកខ្ចីចោល ដើម្បីឱ្យដើមមានមែក ឬខ្នែងច្រើន។
លក្ខណៈអេកូឡូស៊ី៖ ដុះលើដីសើម នៅតំបន់ក្តៅមានភ្លៀង។
ការប្រើប្រាស់៖ ជាបន្លែ៖ ស្លឹកសម្រាប់ធ្វើជាបន្លែស៊ុប ស្ងោរ បបរពងទាកូន។ល។ជាឱសថ៖ ស្លឹកស្ងោរឱ្យក្មេងហូប អាចជួយបន្ទន់លាមក។ ស្លឹកមានជាតិស្ករ និង វីតាមីនច្រើន។ គ្រាប់មានប្រូតេអ៊ីន ជួយប្រឆាំងនឹងមេរោគ៕
ប្រភព៖ សៀវភៅមគ្គទេសក៍ស្តីពីបន្លែនៅកម្ពុជា
