ឯកឧត្ដម ហ៊ុន ម៉ាណែត៖ ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ការលើកស្ទួយវិស័យសាសនាឡើងវិញ ត្រូវបានចាត់ទុកជា អាទិភាពមួយក្នុងចំណោមកិច្ចការជាច្រើន

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ចាប់តាំងពីថ្ងៃរំដោះ ៧ មករា, ការលើកស្ទួយវិស័យសាសនាឡើងវិញ ត្រូវបានចាត់ទុកជា អាទិភាពមួយក្នុងចំណោមកិច្ចការជាច្រើន។
ឯកឧត្តមមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ពោធអគារធម្មសាលា, ព្រះពុទ្ធរូបចតុទិស និងសមិទ្ធផលនានា នៅក្នុងវត្តភ្នៀតសិម្ពលី ស្ថិតក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិតបញ្ជាក់ថា កិច្ចការនេះ មិនមែនងាយស្រួលនោះឡើយ ពីព្រោះពេលនោះ ដៃម្ខាងត្រូវទប់ស្កាត់ការវិលមកវិញនៃរបបខ្មែរក្រហម ហើយដៃម្ខាងទៀត ត្រូវរៀបចំស្តារកសាងសង្គម-សេដ្ឋកិច្ចឡើងវិញ ហើយរហូតមកដល់បច្ចុប្បន្ន យើងមានវត្តព្រះពុទ្ធសាសនាប្រមាណជាង ៥ ពាន់វត្ត និងព្រះសង្ឃជាង ៧ ម៉ឺនអង្គ នៅទូទាំងប្រទេស ព្រមទាំងសាសនាផ្សេងៗទៀតជាច្រើន ក៏អាចធ្វើសកម្មភាព និងមានការគោរពបដិបត្តិបានពេញលេញ ដោយបង្កើតបានជាសុខដុមនីយកម្មសាសនា ដែលជាមូលដ្ឋានមួយដ៏សំខាន់ផងដែរក្នុងការបង្កើតសន្តិភាព៕

