សម្តេចតេជោ ហ៊ុន សែន ដឹងគុណជានិច្ចចំពោះគ្រប់វីរភាពរបស់យោធិន និងគ្រួសារយោធិនពលី ពិការ និងមរណៈ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផ្កាយមាស៥ បានវាយតម្លៃខ្ពស់ និងគោរពដឹងគុណចំពោះការលះបង់ របស់យោធិននៃកងយោធពលខេមរភូមិន្ទ និងគ្រួសារយោធិនគ្រប់រូប ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា។
ក្នុងឱកាសសម្ពោធសមិទ្ធផលនានា នៅទីបញ្ជាការដ្ឋាកងពលតូចលេខ៧០ នាថ្ងៃទី១២ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ និងបានកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទ ដែលតែងតែធ្វើពលីកម្មយ៉ាងធំធេង និងខិតខំពុះពារជម្នះគ្រប់ឧបសគ្គក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា។
សម្ដេចតេជោបានថ្លែងថា «ខ្ញុំនិងប្រជាជនកម្ពុជាទាំងអស់សូមគោរពដឹងគុណជានិច្ចចំពោះគ្រប់វីរភាពរបស់យោធិន និងគ្រួសារយោធិនពលី ពិការ និងមរណៈ» ។
ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងនូវការដឹងគុណចំពោះជនរួមជាតិនៅគ្រប់ជំនាន់ដែលបានលះបង់កូនចៅ ប្ដីប្រពន្ធ និងសាច់ញាតិជាទីស្រឡាញ់របស់ខ្លួនឲ្យចូលបម្រើក្នុងជួរកងទ័ពដើម្បីការពារជាតិ និងមាតុភូមិ ៕
