ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ បក្សប្រជាជន អាចសម្រេចជោគជ័យ គ្រប់ការប្រកួតប្រជែងបែបប្រជាធិបតេយ្យ គឺអាស្រ័យដោយបក្សប្រជាជនខ្លួនឯង ដែលខិតខំធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ និងប្រជាជន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ នាថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ថាគណបក្សប្រជាជនកម្ពុជា អាចសម្រេចជោគជ័យនៅក្នុងគ្រប់ការប្រកួតប្រជែងបែបប្រជាធិបតេយ្យ គឺអាស្រ័យដោយគណបក្សប្រជាជនកម្ពុជាខ្លួនឯង ដែលបានខិតខំធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ និងប្រជាជន។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនេះ សមាជិកបក្សគ្រប់រូប គឺជាគ្រឿងបង្គុំនៃអង្គការចាត់តាំងបក្សពីលើដល់ក្រោម និងជាកម្លាំងប្រតិបត្តិករនៃកម្មវិធីនយោបាយរបស់គណបក្ស ហើយកម្លាំងប្រតិបត្តិករទាំងអស់ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់” ដែលជាមូលដ្ឋានដ៏សំខាន់របស់គណបក្សក្នុងការធានាបាននូវការគោរពបុព្វហេតុដ៏ត្រឹមត្រូវ និងប្រសិទ្ធភាពនៃបេសកកម្មរបស់គណបក្សក្នុងការបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ៕

