បណ្ឌិត ហ៊ុន ម៉ាណែត៖ បក្សប្រជាជន មិនផ្តល់ការសន្យានោះទេ គឺនៅបន្តធ្វើមិនឈប់ឈរ និងមិនបោះបង់ចោលប្រជាជនជាដាច់ខាត

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា គណបក្សប្រជាជនកម្ពុជា មិនផ្តល់ការសន្យានោះទេ គឺនៅ បន្តធ្វើមិនឈប់ឈរ និងមិនបោះបង់ចោលប្រជាជនជាដាច់ខាត ដោយប្តេជ្ញានៅតស៊ូក្រាញនននៀលខាំស្មៅរួមសុខរួមទុក្ខជាមួយនឹងប្រជាជនក្នុងគ្រប់ពេលវេលា និងកាលៈទេសៈ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្ថែមថា ការកសាងសមាជិកបក្សត្រឹមរូបរាងកាយ គឺជាកិច្ចការងាយស្រួល ប៉ុន្តែការទទួលបាននូវការគាំទ្រដោយបេះដូងពិតប្រាកដ ទើបជាកិច្ចការសំខាន់ និងលំបាក ដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវបង្កើនសកម្មភាពវិជ្ជមានសកម្មទ្វេដង និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយរបស់គណបក្ស រួមទាំងការចុះជួយដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសការខិតខំបម្រើសេវាជូនប្រជាជនឱ្យបានល្អប្រសើរបំផុត ដើម្បីទទួលបានការគាំទ្រ និងការអាណិតស្រលាញ់របស់ពួកគាត់ ៕
