បណ្ឌិត ហ៊ុន ម៉ាណែត៖ ភាពជោគជ័យរបស់បក្សប្រជាជន ដោយសារការប្រឹងប្រែងបម្រើពលរដ្ឋទ្វេដង ពិសេសការកំណត់យកសុខទុក្ខ របស់ពលរដ្ឋជាអាទិភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា ភាពជោគជ័យរបស់ គណបក្សប្រជាជនកម្ពុជា គឺដោយសារការខិតខំប្រឹងប្រែង បម្រើប្រជាពលទ្វេដង ជាពិសេសការកំណត់យកសុខទុក្ខ របស់ប្រជាជនជាអាទិភាព ។
ក្នុងពិធីសំណេះសំណាលជាមួយ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺដោយសារការខិតខំប្រឹងប្រែងបម្រើប្រជាពលទ្វេដង ជាពិសេសការកំណត់យកសុខទុក្ខរបស់ប្រជាជនជាអាទិភាព តាមរយៈការរៀបចំគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, មន្ទីរពេទ្យ, វត្តអារាម, សាលារៀន និងខិតខំជួយប្រជាជនក្នុងគ្រាលំបាកដោយមិនទុកប្រជាជនណាម្នាក់ចោលនោះទេ» ។
ឯកឧត្ដមបណ្ឌិត បន្ថែមថា ក្រៅពីនេះ ក៏មានការរៀបចំគោលនយោបាយជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត តាមរយៈការផ្តល់នូវរបបសន្តិសុខសង្គម និងកិច្ចអន្តរាគមន៍ជួយសង្គ្រោះផ្សេងៗបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក៏ដូចជាការខិតខំពង្រឹងសមត្ថភាពក្នុងការលើកកម្ពស់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែលឿនរហ័ស និងជាទីពេញចិត្តសម្រាប់ប្រជាជន ៕

