ជំងឺគ្រុនឈាម ធ្វើឱ្យកុមារម្នាក់ បត់ជើងធំមានឈាម បាត់ជីពចររហូតដល់៧ដង

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ, មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីការសង្រ្គោះជីវិតកុមារីម្នាក់អាយុ ៥ឆ្នាំ មកពីភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បន្ទាប់ពីកុមារីរូបនេះមានអាការៈគ្រុនក្តៅ ក្អួតចង្អោរ ឈឺពោះ រយៈពេល៤ថ្ងៃ និងបានព្យាបាលនៅមណ្ឌលសុខភាពដោយបានចាក់ថ្នាំ និងដាក់សេរ៉ូមអស់៥ប្លោក។
ដោយឃើញកូនកាន់តែសន្លឹម ម្តាយក៏សំរេចចិត្តបញ្ជូនកូនមកព្យាបាលបន្តនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៣។
ពេលមកដល់មន្ទីរពេទ្យគន្ធបុប្ផាសៀមរាបកុមារីរូបនេះមានសភាពធ្ងន់ធ្ងរសន្លឹម បត់ជើងធំមានឈាម បាត់ជីពចររហូតដល់៧ដង និងបានជួយសង្គ្រោះដោយប្រើសេរ៉ូម ដាក់អុកស៊ីសែន បញ្ចូលឈាម២ប្លោកនិងប្លាស្មា១០ប្លោក និងពិនិត្យតាមដានដោយយកចិត្តទុកដាក់រយៈពេល១០ថ្ងៃឃើញថាក្មេងបានធូរសះស្បើយនិងបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ៕
