សម្តេចតេជោ ហ៊ុន សែន៖ ស្ត្រីបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងកំណើនសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ស្រ្តីបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់គ្រួសារ សង្គម និងសេដ្ឋកិច្ចជាតិ ។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នាថ្ងៃទី៥ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ចំណុចនេះ យើងមិនត្រូវមើលស្រាលពីការវិនិយោគលើស្រ្តីនោះទេ ឥលូវខ្ញុំមានមោទនភាពដោយសារតែនៅពេលមានការជួបជុំសហគ្រិនស្រ្តី ឬសហគ្រិនវ័យក្មេង យើងបានសង្កេតឃើញថាស្រ្តីបានដើរតួនាទីក្នុងសេដ្ឋកិច្ចធំណាស់ អ៊ីចឹងវាជាចំណែកនៃការទទួលខុសត្រូវនៅក្នុងសង្គមគ្រួសារ។ ហើយទម្លាប់ដែលថា ពេលមានប្តីពឹងពាក់លើលុយប្តី ឥលូវអស់លោកប្តី អត់ផ្លូវទេ ស្រ្តីគេក៏មានប្រាក់ខែដែរ កុំសូវមើលស្រាលគេពេក»។
សម្ដេចបន្ថែមថា យើងត្រូវយកចិត្តទុកដាក់ជំរុញបន្តទៀត លើកទឹកចិត្តឱ្យស្រ្តីទទួលបាននូវការបណ្តុះបណ្តាល បើមិនទទួលបានការលើកទឹកចិត្តនៅក្នុងប្រព័ន្ធទេ ក៏ទទួលបាននូវការបណ្តុះបណ្តាលក្រៅប្រព័ន្ធ រាជរដ្ឋាភិបាល នឹងចេញប្រាក់ដើម្បីវ៉ឹកហាត់ជាមួយនឹងអ្នកដែលគ្មានធនធានចំនួន១លាន៥សែននាក់ នៅពេលខាងមុខ ដែលក្នុងនោះ អ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួនច្រើន នឹងត្រូវចូលរៀននៅទីនោះ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាស្ថាប័នពាក់ព័ន្ធដទៃទៀត រាប់ទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺធ្វើការវ៉ឹកហាត់ទាក់ទងនឹងជំនាញដូនតាដែលបានបន្សល់ទុកឱ្យយើង ៕
