សម្តេចតេជោ ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រីយុត្តិធម៌ កុំឲ្យដាក់ឈ្មោះអប្សរាក្បាលត្រងោល សេង ធារី ក្នុងបញ្ជីនៃការបន្ធូរបន្ថយទោស និងលើកលែងទោស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ប្រាប់ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កុំឲ្យដាក់ឈ្មោះអប្សរាក្បាលត្រងោល សេង ធារី ក្នុងបញ្ជីនៃការបន្ធូរបន្ថយទោស និងលើកលែងទោស ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅស្រុកពញាឮ ខេត្តកណ្តាល ជិត ២ម៉ឺននាក់ នាថ្ងៃទី៣ មិថុនា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «រឿងដែលខ្ញុំមិនលើកលែងទោស ជាមួយអ្នកណាគឺដោយសារខ្ញុំមិនទុកចិត្តជនបរទេសមួយចំនួន ដែលចូលចិត្តរំខាន និងចង់ផ្តួលរំលំគេ សូមជម្រាបជូនសារទៅអន្តរជាតិអន្តរាគមន៍លើនរណា អ្នកហ្នឹងជាប់គុកឱ្យគ្រប់ថ្ងៃ ឧទាហរណ៍អប្សរាក្បាលត្រងោល កុំសង្ឃឹមថាទទួលការលើកលែងទោស ឬបន្ធូរបន្ថយទោសនៅភ្ជុំបិណ្ឌ ស្អីៗ។ អប្សរាក្បាលត្រងោលមួយ សុំរដ្ឋមន្ត្រីយុត្តិធម៌ កុំដាក់ចូលក្នុងបញ្ជីនៃការបន្ធូរបន្ថយទោស តាមរយៈបុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌស្អីៗ ព្រោះអន្តរាគមន៍ បើមានអន្តរាគមន៍កុំលើកលែង ទុកជាប់រហូតដល់ថ្ងៃចុងក្រោយ ព្រោះអត់មានប្រយោជន៍ទេ ដើម្បីយើងស៉ីសងគ្នានៅលើតុឱច្បាស់»។
សម្តេចបន្ថែមថា «មកនិយាយជាមួយខ្ញុំ ខ្ញុំថាឲ្យវិញ ដោយគេថាសំណុំរឿងអ្នកនេះ មានការរសើបណាស់សម្រាប់ប្រទេសយើងខ្ញុំ ដោយសារអ្នកណឹងជាជនជាតិយើងខ្ញុំ។ ខ្ញុំប្រាប់ត្រឡប់ទៅវិញ អីចឹងវិធីដែលល្អជាងគេរបស់ខ្ញុំ គឺថាខ្មែរឱ្យមានសញ្ជាតិតែមួយ ត្រូវអនុវត្តន៍ច្បាប់ខ្មែរ ដោយគ្មានការលើកលែង ដើម្បីយើងបញ្ជាក់ឱ្យច្បាស់អំពីអធិបតេយ្យជាតិ ដែលមិនត្រូវមានការលូកលាន់ពីបរទេសណាទេ» ៕
