បណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ដាក់ចេញវិធានការគាំទ្រ និងអនុវត្តកំណែទម្រង់គន្លឹះមួយចំនួន ដើម្បីគាំទ្រ និងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាធុរកិច្ចថ្មីៗ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីគាំទ្រ និងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាធុរកិច្ចថ្មីៗ, រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រនានា ព្រមទាំងអនុវត្តកំណែទម្រង់គន្លឹះមួយចំនួន ។
ក្នុងពិធីសំណេះសំណាល និងលៀងសាយភោជន៍របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី២៦ ខែឧសភា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត វិធានការគាំទ្រនានា និងការអនុវត្តកំណែទម្រង់គន្លឹះមួយចំនួននោះ មានដូចជា៖ ទី១. ការបង្កើតបរិយាកាសអំណោយផល និងការប្រកួតប្រជែងដោយស្មើភាព, ទី២. ការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន តាមរយៈការផ្តល់ធនធានដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ទី៣. ការលើកទឹកចិត្តផ្នែកសារពើពន្ធដល់សហគ្រានធុនតូច និងមធ្យម ក៏ដូចជាធុរកិច្ចថ្មី, ទី៤. ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត រួមមាន ផ្លូវ, ស្ពាន, ថ្នល់ និងអាកាសយានដ្ឋានកម្រិតជាតិ និងអន្តរជាតិ ជាពិសេសផ្លូវល្បឿនលឿន និងគម្រោងព្រែកជីកហ្វូណនតេជោ, ទី៥. ការបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងទី៦. ការកំណត់យកការអភិវឌ្ឍធុរកិច្ចថ្មីៗ ជាអាទិភាពនៃការអភិវឌ្ឍវិស័យឯកជន ៕

