សម្តេចតេជោ ហ៊ុន សែន ឲ្យភាគីពាក់ព័ន្ធខិតខំដោះស្រាយទំនាស់ នៅតាមរោងចក្រឱ្យបានលឿន កុំចិញ្ចឹមទំនាស់ទុក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញដល់ភាគីពាក់ព័ន្ធប្រឹងប្រែងដោះស្រាយទំនាស់ ដែលបានកើតឡើងរវាងកម្មករ និងនិយោជក ឱ្យបានលឿន កុំចិញ្ចឹមទំនាស់ទុក ។
ក្នុងឱកាសអញ្ជើញសំណេះសំណេះសំណាលជាមួយកម្មករ និយោជិត ជិតពីរម៉ឺននាក់ នាថ្ងៃទី២៦ ខែឧសភា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «បើសិនជាមានករណីវិវាទ ត្រូវដោះស្រាយឱ្យបានឆាប់ កុំទុកយូរ កុំចិញ្ចឹមទំនាស់ សហជីពជាមួយម្ចាស់រោងចក្រ តំណាងកម្មករ ត្រូវខិតខំដោះស្រាយ ដោយមានការចូលរួម ពីក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន ត្រូវដោះស្រាយឱ្យស្រូត។ មានតែគោលការណ៍ឈ្នះឈ្នះប៉ុណ្ណោះ ដែលអាចដោះស្រាយបាន ហើយចៀសវាងទៅតាមផ្លូវតុលាការ» ៕
