បណ្ឌិត ហ៊ុន ម៉ាណែត៖ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់សម្តេចតេជោ កម្ពុជាបានទទួលជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងសមរភូមិកូវីដ-១៩

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងដំណាក់កាលដ៏លំបាកបំផុតនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ទាំងនៅកម្ពុជា និងទូទាំងសាកលលោក, គ្រប់បណ្តាប្រទេសទាំងអស់ បានខិតខំប្រើប្រាស់គ្រប់មធ្យោបាយ និងវិធីសាស្ត្ររៀងៗខ្លួន ដើម្បីធានាការពារអាយុជីវិតរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិ ហើយក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់ សម្តេចតេជោ កម្ពុជាបានទទួលជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងសមរភូមិកូវីដ-១៩។
ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានានៅក្នុងវត្តពលិសបព្វតារាម (ហៅវត្តភ្នំសន្ទូច) ស្ថិតនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃ២៣ ខែឧសភា ឆ្នាំ២០២៣ឯកឧត្ដម ហ៊ុន ម៉ាណែតបានបញ្ជាក់ថា “នៅក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់ សម្តេចតេជោ, ប្រទេសកម្ពុជាយើងបានទទួលជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងសមរភូមិកូវីដ-១៩ និងបានទទួលចំណាត់ថ្នាក់ល្អលំដាប់ពិភពលោក ក្នុងនាមជាប្រទេសដែលបានគ្រប់គ្រងការរីករាលដាល និងផលប៉ះពាល់នៃជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព រហូតអាចបើកដំណើរការប្រទេសជាប្រក្រតីឡើងវិញយ៉ាងឆាប់រហ័ស”។
ឯកឧត្ដមបន្ថែមថា ជោគជ័យនេះ គឺកើតឡើងដោយសារមានសន្ទុះនៃការគាំទ្រ និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈការចូលរួមចាក់វ៉ាក់សាំងទាំងអស់គ្នា ហើយក៏បានរួមសហការអនុវត្តតាមគ្រប់ការអំពាវនាវ និងវិធានការទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនៅក្នុងការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

