បណ្ឌិត ហ៊ុន ម៉ាណែត៖ គុណតម្លៃនយោបាយឈ្នះ-ឈ្នះ ជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ ដែលនាំកម្ពុជាឱ្យស្គាល់សុខសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដី

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លេងថា គុណតម្លៃនយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ ដែលបាននាំកម្ពុជាឱ្យស្គាល់សុខសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដី ក្រោមរាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងជាតិតែមួយ និយាយរួមគឺខ្មែរតែមួយ។
ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសែនមនោរម្យ (ហៅវត្តចាស់) ស្ថិតក្នុងភូមិកងតាណឹងទី៨ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី២២ ឧសភា ឯកឧត្ដមបណ្ដិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ គឺស្មើនឹងការសម្រេចបាននូវអនាគត និងជោគវាសនាដ៏ត្រចះត្រចង់សម្រាប់ប្រទេសជាតិ និងប្រជាជន ក៏ដូចជាសម្រាប់កូនចៅជំនាន់ក្រោយៗផងដែរ។
ឯកឧត្ដមបណ្ដិត គូសបញ្ជាក់ថា ទាំងអស់នេះ គឺអាស្រ័យដោយមូលហេតុពីរយ៉ាង៖ ទី១. ប្រជាជន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានជំនឿ និងទំនុកចិត្តលើ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា ដែលបាននាំទៅដល់ការរួមគ្នាបញ្ចប់សង្គ្រាម, បញ្ចប់គំនុំ និងបញ្ចប់ការបែកបាក់ ហើយអាចរស់នៅជាមួយគ្នាក្នុងនាមជាខ្មែរតែមួយ, ទី២. ប្រជាជនច្រើនលើសលប់ គឺបានបន្តមានទំនុកចិត្ត និងលំនឹងផ្លូវចិត្ត ក្នុងសម្រេចផ្ទុកផ្តាក់ផ្ញើជោគវាសនាអនាគតរបស់ខ្លួននៅក្រោមការដឹកនាំរបស់ សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជាជាប់រហូតមក ៕

