បណ្ឌិត ហ៊ុន ម៉ាណែត៖ ភាពជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ គឺជាមោទនភាពជាតិខ្ពស់ទាំងនៅក្នុងកម្ពុជាផ្ទាល់ និងមជ្ឈដ្ឋានអន្តរជាតិ
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ភាពជោគជ័យរបស់កម្ពុជា ក្នុងការជាធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលជាលើកទី១ ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាមោទនភាពជាតិខ្ពស់ទាំងនៅក្នុងប្រទេសកម្ពុជាផ្ទាល់ និងមជ្ឈដ្ឋានអន្តរជាតិ។
ឯកឧត្ដមមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តពោធិ៍រង្សីមានជ័យ (ហៅវត្តស្វាយត្រស់) ស្ថិតនៅភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្ដមបញ្ជាក់ថា ភាពជោគជ័យនេះ អាចកើតមានឡើងអាស្រ័យដោយគោលការណ៍គ្រឹះចំនួន ២ សំខាន់ គឺ៖ ស្មារតីសាមគ្គីភាព ស្មារតីរួបរួមគ្នា ស្មារតីជាតិនិយម តាមរយៈការចូលរួមលះបង់របស់អាជ្ញាធរ-សមត្ថកិច្ចគ្រប់ជំនាញ និងកងកម្លាំងគ្រប់ប្រភេទ ក៏ដូចជាយុវជនស្ម័គ្រចិត្ត ជាពិសេសកម្លាំងមហាសាមគ្គីជាតិទាំងមូលដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។
ឯកឧត្ដមហ៊ុន ម៉ាណែតបន្ថែមទៀតថា ទាំងនេះ គឺពិតជាបានបង្ហាញយ៉ាងច្បាស់ថា ប្រជាជាតិខ្មែរទាំងមូល បាន និងកំពុងប្រកាន់ខ្ជាប់នូវស្មារតីតែមួយ ក្រោមទង់ជាតិខ្មែរតែមួយ និងក្នុងបុព្វហេតុនៃការតម្កល់ផលប្រយោជន៍ និងកិត្តិយសជាតិជាធំ ជារៀងដរាប៕