ឯកឧត្ដម ហ៊ុន ម៉ាណែត អំពាវនាវដល់និស្សិតទាំងអស់ បន្តខិតខំរៀនសូត្រដោយមិនឈប់ឈរពេញមួយជីវិត

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានមានប្រសាសន៍ថា បានអំពាវនាវ ដល់និស្សិតទាំងអស់ បន្តខិតខំរៀនសូត្រដោយមិនឈប់ឈរពេញមួយជីវិត ទាំងការដុសខាត់ជំនាញ ឬការចាប់យកជំនាញថ្មីៗ ដើម្បីឆ្លើយតបបានទៅនឹងតម្រូវការនៃទីផ្សារពលកម្ម ជាពិសេស ក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤នេះ ដែលនឹងនាំមកនូវកាលានុវត្តភាពសម្រាប់កំណើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
ឯគឧត្ដមមានប្រសាសន៍បែបនេះ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ខណៈអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តក្រចេះ។
ឯកឧត្តម ក៏បានចូលរួមត្រេកអរជាមួយមាតាបិតា អាណាព្យាបាល ដែលបានខិតខំតស៊ូទំនុកបម្រុងបុត្រធីតា ឱ្យសិក្សារៀនសូត្របានខ្ពង់ខ្ពស់ចប់ចុងចប់ដើម។
ឯកឧត្ដមបានបញ្ជាក់ថា នេះពិតជាមោទកភាពដ៏ត្រចះត្រចង់សម្រាប់ក្រុមគ្រួសារទាំងមូល, ជាពិសេសចំពោះគ្រួសារមួយចំនួន ដែលឪពុកម្តាយបងប្អូនមិនមានឱកាសសិក្សារៀនសូត្រ ក្នុងអំឡុងពេលដែលប្រទេសជាតិយើងមានសង្គ្រាមបែកបាក់វឹកវរ ដែលធ្វើឱ្យបាត់បង់ឱកាសគ្រប់យ៉ាងទាំងស្រុង ហើយក៏សូមអរគុណចំពោះគណៈគ្រប់គ្រង, សាស្ត្រាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ដែលបានខិតខំរៀបចំសម្របម្រួលក្នុងដំណើរការបណ្តុះបណ្តាល និងបង្ហាត់បង្រៀនដល់និស្សិតរបស់យើង សំដៅធ្វើយ៉ាងណាចែករំលែកនូវចំណេះដឹង, ជំនាញ, បទពិសោធន៍ និងដំបូន្មានល្អៗ រហូតពួកគាត់អាចសម្រេចបាននូវជោគជ័យជាទីមោទនៈ៕

