បណ្ឌិត ហ៊ុន ម៉ាណែត៖ ប្រធានរដ្ឋបាល និងប្រធានផ្នែក គឺជាជនបង្គោល និងជាស្ពានក្នុងការផ្សារភ្ជាប់ទៅនឹងកម្មករ-និយោជិត

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ប្រធានរដ្ឋបាល និងប្រធានផ្នែក គឺជាជនបង្គោល និងជាស្ពានក្នុងការផ្សារភ្ជាប់ទៅនឹងកម្មករ-និយោជិត ដើម្បីជំរុញការអនុវត្ត និងផ្សព្វផ្សាយអំពីគោលនយោបាយ និងសមិទ្ធផលក្នុងវិស័យការងារ ដែលរាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ដោះស្រាយជូនកម្មករ-និយោជិត សំដៅធានាបាននូវការលើកកម្ពស់ផ្នែកជីវភាព, សុខុមាលភាព និងនិរន្តរភាពអាជីពការងាររបស់កម្មករ-និយោជិតយើង។
ឯកឧត្ដមបន្តថា មួយវិញទៀត ប្រធានរដ្ឋបាល និងប្រធានផ្នែក ក៏ជាដៃគូសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយនឹងអាជ្ញាធរ-សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវនូវកាតព្វកិច្ចនានា ដែលមានចែងក្នុងច្បាប់ និងបទដ្ឋានគតិយុត្តនានាក្នុងវិស័យការងារ បម្រើឱ្យការការពារផលប្រយោជន៍ដោយស្មើភាពចំពោះមុខច្បាប់សម្រាប់កម្មករ-និយោជិត, និយោជក និងគ្រប់ភាគីពាក់ព័ន្ធ។
ឯកឧត្តម បណ្ឌិត បានលើកឡើងបែបនេះនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ខណៈអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល និងប្រធានផ្នែក នៃរោងចក្រ-សហគ្រាស នៅសាលមហោស្រពកោះពេជ្រ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានយកឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់៧០ ព្រះវស្សា យាងចូល៧១ ព្រះវស្សា ថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ ចំពោះព្រះករុណាថ្លៃវិសេស និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះកាយពលមាំមួន ខ្លំាងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ត្រជាក់ត្រជុំសុខដុមរមនាដល់ប្រជានុរាស្ត្រ ព្រមទាំងភាពសម្បូរសប្បាយ ចម្រុងចម្រើន ថ្កុំថ្កើង រុងរឿងរបស់មាតុភូមិអង្គរជាទីសេ្នហានៃយើង៕

