បណ្ឌិត ហ៊ុន ម៉ាណែត៖ អាហារូបករណ៍ដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ដល់សិស្ស-និស្សិត គឺជាការរំដោះឱ្យរួចចាកផុតពីក្រញាំនៃភាពអវិជ្ជា

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានលើកឡងថា ហារូបករណ៍ដែល សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ដល់សិស្ស-និស្សិត គឺជាការរំដោះឱ្យរួចចាកផុតពីក្រញាំនៃភាពអវិជ្ជា សំដៅកសាងមូលធនមនុស្សពិតប្រាកដរបស់កម្ពុជា និងដើម្បីឱ្យពួកគេអាចទទួលបានអនាគតមួយរុងរឿង និងរឹងមាំ។
ឯកឧត្ដមមានប្រសាសន៍បែបនេះ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ខណៈអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក-សមាជិកាសមាគម អ.ម.ត. ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។
ថ្លែងក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តម បណ្ឌិត បានសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់ក្រុមការងារគ្រប់គ្រងសិស្ស-និស្សិត អ.ម.ត ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមជាមួយនឹងការអបអរសាទរចំពោះការប្រកាសបញ្ចូលសមាជិក-សមាជិកាថ្មីបន្ថែមទៀតចំនួន ៨២៥ នាក់ នាឱកាសនោះផងដែរ៕
