ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ វិនិយោគិនបរទេសក៏មានការរំពឹងទុកតែមួយផងដែរចំពោះការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានប្រសាសន៍ថា វិនិយោគិនបរទេសក៏មានការរំពឹងទុកតែមួយផងដែរចំពោះការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយទី១. ត្រូវពិនិត្យមើលលើកត្តាសន្តិភាព-ស្ថិរភាព និង ទី២.កម្រិតសមត្ថភាពធនធានមនុស្សរបស់កម្ពុជា ដែលត្រូវមានជំនាញបម្រើឱ្យដំណើរការផលិតកម្មក្នុងគម្រោងវិនិយោគរបស់ពួកគេ។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តព្រះសីហនុ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថាសូមសិស្ស-និស្សិតកម្ពុជាគ្រប់រូប ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រទាំងលើជំនាញរឹង និងជំនាញទន់ ឱ្យមានគុណវុឌ្ឍិពិតប្រាកដច្បាស់លាស់ ដើម្បីក្លាយខ្លួនជាមូលធនមនុស្សរបស់កម្ពុជា ដែលនឹងដើរតួនាទីសំខាន់នៅក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ជាតិយើងក្នុងចរន្តសាកលភាវូបនីយកម្ម និងការចាប់យកនូវសក្តានុពលថ្មីៗបម្រើឱ្យការកសាងអភិវឌ្ឍប្រទេសទៅមុខ ៕
