ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការវិនិយោគលើវិស័យអប់រំ គឺជាការចូលរួមចំណែកក្នុងការបណ្តុះចំណេះដឹង សមត្ថភាព គុណធម៌ និងសីលធម៌

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានប្រសាសន៍ថា ការវិនិយោគលើវិស័យអប់រំ គឺជាការចូលរួមចំណែកក្នុងការបណ្តុះចំណេះដឹង សមត្ថភាព គុណធម៌ និងសីលធម៌ ជាគុណវុឌ្ឍិផ្នែកខាងក្នុងរបស់មនុស្ស ដែលជាទ្រព្យធនដ៏មានសារៈសំខាន់ចំបាច់បំផុតសម្រាប់ប្រទេសជាតិនីមួយៗ។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តព្រះសីហនុ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។
ក្នុងឱកាសនេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមកោតសរសើរដល់សាកលវិទ្យាល័យ UME ដែលបានវិនិយោគលើវិស័យអប់រំក្នុងរយៈកាល ២៥ ឆ្នាំកន្លងមកនេះ ដោយបានអភិវឌ្ឍខ្លួនឈានឡើងជាបន្តបន្ទាប់ រហូតមានវត្តមាននៅក្នុងខេត្តចំនួន៦ នៅទូទាំងប្រទេស ដែលនេះគឺជាការចូលរួមចំណែកមិនអាចខ្វះបាន ជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីរួមគ្នាសម្រេចទិសដៅនៃការអភិវឌ្ឍវិស័យអប់រំ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ៕
