បណ្ឌិត ហ៊ុន ម៉ាណែត៖ ការរំដោះប្រជាជនឱ្យរួចផុតពីរបប ប៉ុលពត ការបង្កើតសន្តិភាពបានពេញលេញ ជាសមិទ្ធផលក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ក្រោមការដឹកនាំរបស់បក្សប្រជាជន

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាការរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ក្នុងរយៈកាលជាង ៤០ ឆ្នាំ, ការបង្កើត និងថែរក្សាសន្តិភាពបានពេញលេញជាង ២០ ឆ្នាំ កន្លងមកនេះ ព្រមទាំងការរួមសុខរួមទុក្ខជួយសង្គ្រោះអាយុជីវិតប្រជាជនក្នុងគ្រោះអាសន្ន ដូចជាក្នុងអំឡុងនៃវិបត្តិជំងឺកូវីដ-១៩ ហើយលើសពីនេះ គឺការធានាបាននូវនិរន្តភាពនៃឱកាសសម្រាប់កំណើន និងការអភិវឌ្ឍ គឺជាសមិទ្ធផលប្រកបសច្ចភាពក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាចាប់ពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន និងតទៅអនាគត។
ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជេីញសម្ពោធឆ្លងបណ្ណាល័យ និងសមិទ្ធផលនានា នៅក្នុងវត្តឥន្ទញ្ញាណ ហៅ វត្តក្រោម ស្ថិតក្នុងភូមិលេខ១, សង្កាត់លេខ៣, ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ នាថ្ងៃទី៦ ឧសភានេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអនុមោទនាត្រេកអរចំពោះការកកើតឡើងជាបន្តបន្ទាប់នូវសមិទ្ធផលជាច្រើន ក្នុងទីអារាមដែលត្រូវបានផ្តួចផ្តើមកសាងដោយព្រះបរមរតនកោដ្ឋក្នុងឆ្នាំ១៩៦២ និងបន្ទាប់មកត្រូវបានបំផ្លិចបំផ្លាញដោយរបបប៉ុលពត គឺដូចនឹងស្ថានភាពសោកនាដកម្មនៅទូទាំងប្រទេសក្នុងសម័យកាលដ៏ខ្មៅងងឹតនោះ។ ហើយចាប់ពីឆ្នាំ១៩៧៩ ទីអារាមនេះក៏ត្រូវបានកសាងទ្បើងវិញដោយការចូលរួមពីសំណាក់ព្រះសង្ឃ គណៈកម្មការ-អាចារ្យវត្ត និងប្រជាពុទ្ធបរិស័ទ រួមជាមួយនឹងរាជរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងធ្លុងមហាសាមគ្គីជាតិដ៏រឹងមាំ ៕

