ដំណឹងរីករាយ! កូនផ្សោតថ្មីមួយក្បាលទៀតបានកើត នៅអន្លង់កោះកូនសាត់ ក្នុងខេត្តស្ទឹងត្រែង

ភ្នំពេញ៖ ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង រដ្ឋបាលជលផល និងអង្គការWWFបានកត់ត្រាកូនផ្សោតថ្មីមួយ នៅម៉ោង ១៣៖៤២នាទី នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅចំណុច ០៦០០០៧៦,១៤៧២៥០០ នៃអន្លង់កោះកូនសាត់ ភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះមានអាយុប្រមាណ ១សប្តាហ៍កំពុងហែលជាមួយផ្សោតពេញវ័យ២ក្បាលទៀត ហើយកូនផ្សោតថ្មីនេះ ជាកូនផ្សោតទី៣ហើយ កត់ត្រាចាប់តាំងពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣។
សូមរំលឹកថា នៅឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាល និងនៅឆ្នាំ២០២១ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាល៕
