រដ្ឋលេខាធិការក្រសួងវប្បធម៌ លើកទឹកចិត្ត និងជំរុញដល់លោកគ្រូ អ្នកគ្រូ បង្រៀននៅសាលាមធ្យមវិចិត្រសិល្បៈ ឱ្យរួមគ្នាបន្តសាបព្រោះ បណ្តុះពូជអ្នក សិល្បៈវប្បធម៌

ភ្នំពេញ៖ ឯកឧត្តម ស្រី សួន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកទឹកចិត្ត និងជំរុញដល់លោកគ្រូ អ្នកគ្រូ នៅសាលាមធ្យមវិចិត្រសិល្បៈ ឱ្យរួមគ្នាបន្តបណ្តុះពូជអ្នកសិល្បៈ វប្បធម៌ឱ្យកាន់តែច្រើនដើម្បីថែរក្សាលើកស្ទួយ វប្បធម៌កេរដំណែលដូនតាខ្មែរយើងឱ្យបានគង់វង្ស។
ការជំរុញបែបនេះ ធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី គរុកោសល្យ វិធីសាស្ដ្រនៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀននាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ដែលមានសិក្ខាកាម ចូលរួមវគ្គបណ្តុះបណ្តាលនេះ ចំនួន៨៥នាក់។
ក្រៅពីនេះ ឯកឧត្តម ស្រី សួន តំណាង ដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវប្រើប្រាស់ចំណេះដឹងដែលបានសិក្សារៀនសូត្រ ទៅប្រើប្រាស់ឱ្យចំគោលដៅ និងជាប្រយោជន៍ដល់ស្ថាប័ន និងសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី ។ ត្រូវគោរពឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ដើម្បីសេចក្តីថ្លៃថ្នូ និងការគោរពស្រឡាញ់ពីសិស្សានុសិស្ស និងការផ្ដល់តម្លៃពីស្ថាប័ន និងសង្គមជាតិ ។
ជាមួយគ្នានេះ ឯកឧត្តម បានជំរុញឱ្យលោកគ្រូអ្នកគ្រូ បន្តរៀនសូត្រ និងពង្រីកចំណេះដឹង និងសមត្ថភាពឱ្យស្របតាមបរិបទសង្គម ឌីជីថល់ , ចេះមានគំនិតផ្តួចផ្តើម បង្កើតថ្មី និងជួយថ្នាក់ដឹកនាំអង្គភាព
,ត្រូវស្មោះត្រង់ និងតម្កល់ផលប្រយោជន៍អង្គភាព និងក្រសួងស្ថាប័នជាធំ ,រក្សាវិន័យ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ , ពង្រឹងសាមគ្គីភាពផ្ទៃក្នុង នៅតាមអង្គភាព និងត្រូវយកចំណេះដឹងដែលសិក្សានៅថ្ងៃនេះ ទៅបំពេញចំណុចខ្វះខាត នៅអង្គភាព និងបន្តជួយផ្សព្វផ្សាយនិងបង្ហាត់បង្រៀន ដល់សិស្សានុសិស្ស ដើម្បីរួមចំណែក បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព៕

