គណៈប្រតិភូជប៉ុន ស្ញើចសរសើរទស្សនវិស័យ “ក្លាហានក្នុងការបង្កើតគំនិត និងធ្វើឱ្យលេចចេញជារូបរាង” របស់ប្រមុខដឹកនាំក្រសួងសាធារណការ

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូ អញ្ជើញមកពីមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា (Cambodia International Education Support Foundation – CIESF) ដឹកនាំដោយលោក OKUBO Hideo ស្ថាបនិកមូលនិធិ ដោយមានការចូលរួមផងដែរពី ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ។
ក្នុងជំនួបនាឱកាសនោះ គណៈប្រតិភូ CIESF បានបង្ហាញនូវការកោតសរសើ និងចំណាប់អារម្មណ៍ខ្ពស់ ចំពោះគម្រោងនានា ដែលឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកមកជម្រាបជូន ក្នុងនោះរួមមាន៖ (១)គម្រោងស្ថាបនាមន្ទីរពេទ្យតេជោសែនកោះធំ (២)ការកសាងសមត្ថភាពយុវជនកម្ពុជា តាមរយៈការបណ្តុះបណ្តាលនៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន (៣)ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និង (៤)កិច្ចសហការជាមួយស្ថាប័ននានា ក្នុងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីប្រមូល និងគ្រប់គ្រងទិន្នន័យ។ គណៈប្រតិភូក៏បានធ្វើទស្សនកិច្ចនៅតាម ទីតាំងសំខាន់ៗក្នុងក្រសួង ដូចជា មជ្ឈមណ្ឌលរក្សាទិន្នន័យ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសាលសហសិក្សាផងដែរ។
ជាមួយនឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តការល្អៗ ដែលប្រទេសទាំងពីរ កម្ពុជា-ជប៉ុន តែងតែមានរវាងគ្នាកន្លងមក ឯកឧត្តមទេសរដ្ឋមន្ត្រី សង្ឃឹមថាមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា នឹងបន្តការជួយជ្រោមជ្រែងការកសាងសមត្ថភាពយុវជនកម្ពុជា តាមរយៈការអប់រំបណ្តុះបណ្តាល និងរំពឹងថាមានកិច្ចសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលឆាប់ៗខាងមុខ៕
