ទេសរដ្ឋមន្ត្រី ឱម យុិនទៀង ចុះសួរសុខទុក្ខ និងនាំអំណោយចែកជូនកងទ័ព ក្នុងអង្គភាពកងពលធំអន្តរាគមន៍លេខ៣ និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារទីបញ្ជាការស្រាល

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី កិត្តិនិតិកោសលបណ្ឌិត ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាអនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេវរកម្ម នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយចែកជូនកងទ័ព ក្នុងអង្គភាពកងពលធំអន្តរាគមន៍លេខ៣ ដែលឈរជើងតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ សមូរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីបញ្ជាការស្រាល១ខ្នង នៅទិសមុំ៣ ដែលសាងសង់អស់ថវិកា៤មុឺនដុល្លារ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានថ្លែងថា ក្រៅពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រៅពីក្រសួងស្ថាប័នផ្សេងៗ យើងឃើញថាទឹកចិត្ត មនោសញ្ចេតនាការគិតគូរ ការរួមចំណែករបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មាននៅក្នុងបេះដូងកងទ័ពរបស់យើង ព្រោះមួយម៉ាត់ណាក៏បានបញ្ជាក់ ការវាយតម្លៃខ្ពស់ ចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខជនដែលយើងទាំងអស់គ្នា បានគាំទ្រយ៉ាងប្តូរផ្តាច់ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។
ក្នុងនាមអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងនាមលេខាធិការដ្ឋាប្រឆាំងភេវរកម្ម ឯកឧត្ដមទេសរដ្ឋមន្ត្រី ឱម យុិនទៀង បានថ្លែងនូវការអរគុណ និងដឹងគុណមិនភ្លេចជាដាច់ខាត ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ជាទីគោរព ជាទីស្រឡាញ់ នៃអង្គភាពកងពលធំអន្តរាគមន៍លេខ៣ ដែលបានឈរជើងនៅទីនេះ បង្កើតស្នាដៃនៅទីនេះ សម្រាប់ពេលនេះ និងសម្រាប់ពេលអនាគត។

ឯកឧត្ដមថា កេរ្តិ៍ឈ្មោះកងពលធំអន្តរាគមន៍លេខ៣ ក៏ដូចកេរ្តិ៍ឈ្មោះលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មិនត្រឹមតែមាននៅក្នុងបេះដូងកម្ពុជាទេ ពិសេសប្រទេសជិតខាងមួយចំនួន ក៏គេទទួលស្គាល់ថា ជាឆ្អឹងខ្នងមួយសំខាន់របស់ប្រទេសយើង មិនអាចគេមើលស្រាលបានទេ។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានថ្លែងនូវការប្តេជ្ញាចិត្តជាមួយកងទ័ពកងពលធំអន្តរាគមន៍លេខ៣ បន្តស្មោះត្រង់ឥតងាករេ និងអស់មួយជីវិតចំពោះសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិ និងគាំទ្រនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត៕

