នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អបអរសាទរចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត និងឧត្តមសេនីយ៍ទោ អ៊ុយ ហៀង ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាមេបញ្ជាការរងកងទ័ពជើងគោក

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានសម្តែងការអបអរសាទរជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត និង ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង ដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចតែងតាំងមុខតំណែងជា មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក ព្រមទាំងលោកវរសេនីយ៍ឯក ង៉ែតសុវណ្ណ អរុណដេត សម្រាប់ការតែងតាំងមុខតំណែងជា នាយការិយាល័យទី៣ បញ្ជាការដ្ឋានកងទ័ពជើងគោក។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ បានធ្វើឡើងក្នុងពិធីប្រកាសមុខតំណែងជូននាយទាហានជាន់ខ្ពស់ និងប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២៣ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែតបញ្ជាក់ថា ការសម្រេចតែងតាំងមុខតំណែងនេះ គឺស័ក្តិសមទៅនឹងសមត្ថភាព និងគុណបំណាច់របស់នាយទាហានសាមី ក្នុងការខិតខំបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជន ក្នុងរយៈកាលកន្លងមក ក៏ដូចជាដើម្បីឆ្លើយតបនឹងសំណូមពរភារកិច្ចចាំបាច់ចំពោះមុខរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ៕

