រដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ចំនួនរថយន្តដឹកជញ្ជូនអ្នកដំណើរ លើផ្លូវល្បឿនលឿន នឹងមានការកើនឡើង បន្ទាប់ក្រុមហ៊ុន CPEC ចុះ MoU ជាមួយសមាគម CAMBA

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ចំនួនរថយន្តដឹកជញ្ជូនអ្នកដំណើរនៅលើផ្លូវល្បឿនលឿន រំពឹងថានឹងមានការកើនឡើង បន្ទាប់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ (CPEC) បានចុះអនុស្សរណៈនៃការយោគយល់ជាមួយសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា (CAMBA) ។
នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃ ការយោគយល់រវាងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ (CPEC) ជាមួយនឹងសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា (CAMBA) ដោយមានអញ្ជើញការចូលរួមជាសក្ខីភាព ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ សមាជិកសមាជិកាសមាគម និងអ្នកសារព័ត៌មានជាច្រើនរូប ។
