ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កងយោធពលខេមរភូមិន្ទ ត្រូវរក្សាភាពស្មោះត្រង់ និងភាពដាច់ខាត ក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា កងយោធពលខេមរភូមិន្ទ ត្រូវរក្សាភាពស្មោះត្រង់ និងភាពដាច់ខាតនៅក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ។
ក្នុងពិធីសម្ពោធអគារទីបញ្ជាការ និងសមិទ្ធផលនានា របស់បញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក នៅកំពង់ឆ្នាំង នាថ្ងៃទី១ ខែមីនា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា អនុលោមតាមរដ្ឋធម្មនុញ្ញ, គោលការណ៍ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺកងយោធពលខេមរភូមិន្ទ៖ (i) ត្រូវរក្សាភាពស្មោះត្រង់ និងភាពដាច់ខាតនៅក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ, ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ និង (ii) ត្រូវបន្តប្រុងប្រៀបត្រៀមលក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ដើម្បីការពារសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គម និងស្ថិរភាពជាតិ ៕
